យុវជនបរិស្ថានមាតាធម្មជាតិបីរូប កំពុងជាប់ពន្ធនាគារ ត្រូវបានសាលាឧទ្ធរណ៍ព្យួរទោសសាកល្បង
ភ្នំពេញ៖ អង្គការលីកាដូ បានឲ្យដឹងថា សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ខែវិច្ឆិកានេះ បានសម្រេចព្យួរទោសលើយុវជនបរិស្ថានមាតាធម្មជាតិ បីរូប និងដាក់អ្នកទាំងបីឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការរយៈពេលបីឆ្នាំ ។ ការសម្រេចសេចក្តីនេះ មានន័យថា អ្នកទាំងបីត្រូវធ្វើការរាយការណ៍ទៅអាជ្ញាធរលើសកម្មភាពជាច្រើនរបស់ខ្លួន ដើម្បីអាចរួចផុតពីការចាប់បញ្ជូនខ្លួនត្រឡប់ទៅពន្ធនាគារ ទទួលទោសដែលនៅសល់ ។
សកម្មជនជាយុវជនបរិស្ថានទាំងបីរូប ដែលរួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសពន្ធនាគារកាលពីខែឧសភា ឆ្នាំ២០២១ ទៅលើបទ ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ដោយយោងតាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ទាក់ទងនឹងគម្រោងយុទ្ធនាការដើរតែម្នាក់ឯងរបស់កញ្ញា ឡុង គន្ធា ទៅកាន់គេហដ្ឋានរបស់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំឱ្យបញ្ឈប់ការលុបបឹងតាមោក នៅភាគខាងជើងរាជធានី ។
រដ្ឋា ត្រូវបានសាលាដំបូងផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន ២០ ខែ ប៉ុន្តែសាលាឧទ្ធរណ៍នាព្រឹកនេះ បានសម្រេចបន្ថយទោស ដោយព្យួរទោសចំនួន ៦ ខែដែលនៅសល់ ។ គន្ធា និងរស្មី ត្រូវបានសាលាឧទ្ធរណ៍រក្សាទោសពន្ធនាគារចំនួន ១៨ ខែដដែល ប៉ុន្តែព្យួរទោសចំនួន ៤ ខែដែលនៅសល់ ។ អ្នកទាំងបី ត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០ មកម្ល៉េះ ។ សកម្មជនបរិស្ថានពីររូបទៀត គឺកញ្ញា ជា គន្ធីន និងលោក អាឡិចសាន់ដ្រូ ហ្គោដសាឡេស ដេវីដសុន ក៏ត្រូវបានផ្តន្ទាទោសដោយកំបាំងមុខទៅលើករណីនេះនៅសាលាដំបូងផងដែរ ។
យុវជនបរិស្ថានទាំងបីរូប នៅជាប់ចោទមួយករណីទៀតពីបទ ក្បត់ជាតិ ដែលអាចជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ប្រសិនបើត្រូវបានតុលាការផ្តន្ទាទោស ។ ករណីនេះ ជាប់ពាក់ព័ន្ធនឹងយុវជនបរិស្ថានមាតាធម្មជាតិបីរូបផ្សេងទៀតដែលកំពុងជាប់ឃុំខ្លួនបណ្តោះអាសន្នដែរ គឺកញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និងលោក លី ចាន់ដារ៉ាវុត ។ សកម្មជនបរិស្ថានមួយរូបទៀត គឺលោក អាឡិចសាន់ដ្រូ ហ្គោដសាឡេស ដេវីដសុន ត្រូវបានចោទប្រកាន់ដោយកំបាំងមុខទៅលើករណីទាំងពីរនេះផងដែរ ។
រដ្ឋា គន្ធា និងរស្មី មានអាយុត្រឹមចន្លោះពី១៩ ដល់ ២៨ ឆ្នាំ ប៉ុណ្ណោះ នៅពេលចាប់ខ្លួន ។ ក្រៅពីការព្យួរទោស ៦ ខែ និង៤ ខែ អ្នកទាំងបី ក៏ត្រូវបានតុលាការព្យួរទោសសាកល្បងចំនួន ៣ឆ្នាំ ផងដែរ ដោយយោងតាមមាត្រា ១១៩ និង ១២០ នៃក្រមព្រហ្មទណ្ឌ ដែលតម្រូវឱ្យអ្នកទាំងបីបំពេញកាតព្វកិច្ចមួយចំនួន ដែលរួមមានត្រូវរាយការណ៍ទៅព្រះរាជអាជ្ញានៅពេលផ្លាស់ប្តូរទីលំនៅ ប្តូរមុខរបរ ឬមានគោលបំណងចាកចេញពីប្រទេស និងកាតព្វកិច្ចផ្សេងៗទៀត ។ អ្នកទាំងបី ក៏ត្រូវបានហាមឃាត់ ដោយមិនទាក់ទងនឹងបុគ្គលដែលធ្លាប់ត្រូវបានផ្តន្ទាទោសពីបទល្មើសដូចគ្នានេះផងដែរ ។ ប្រសិនបើអ្នកទាំងបី ត្រូវបានផ្តន្ទាទោសពីបទល្មើសញុះញង់នេះម្តងទៀត ក្នុងរយៈពេលបីឆ្នាំនៃការព្យួរទោសសាកល្បង អ្នកទាំងនោះនឹងត្រូវទទួលទោសពន្ធនាគារពេញ បន្ថែមលើទោសនៃបទល្មើសញុះញង់ថ្មី ។