ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត ប្រើប្រាស់ និងក្លែងបន្លំលិខិត
ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត ប្រើប្រាស់និងក្លែងបន្លំលិខិត។
នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ស្រាវជាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះលេខL១៣០ ភូមិព្រែករាំង ឃុំទឹកហូត ស្រុកលាផ្អៀរ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ប្រើប្រាស់ និងក្លែងបន្លំលិខិត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៣។
ជនសង្ស័យឈ្មោះ ប៉ាង គីមចាន់ ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខL១៣០ ភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក យន់ ណារ៉ុង ប្រធានក្រុមប្រឹក្សាជំនុះជម្រះសាលាឧទ្ធរណ៍ភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕