ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាល ដាក់ចេញការងារអាទិភាពចំនួន៤ ដើម្បីសម្រេចឱ្យបានចក្ខុវិស័យស្តីពី ប្រព័ន្ធស្បៀងឆ្នាំ២០៣០

247

 

ភ្នំពេញ៖ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីការប្តេជ្ញាចិត្ត និងដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ ដោយផ្អែកលើលទ្ធផលកិច្ចសន្ទនា និងការវិភាគស្តីពីប្រព័ន្ធស្បៀង ហើយបានផ្សារភ្ជាប់នឹងក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រនានាដែលមានស្រាប់។

តាមរយៈសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងទិវាជាតិអាហារូបត្ថម្ភលើកទី៨ ដែលតែងប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ធ្វើឡើងក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»។

ក្នុងសារលិខិតនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីសម្រេចឱ្យបានចក្ខុវិស័យស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ដែលផ្តល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់មនុស្សគ្រប់រូប គិតគូរពីចីរភាពសេដ្ឋកិច្ច ចីរភាពសង្គម និងចីរភាពបរិស្ថាន រាជរដ្ឋាភិបាលបានដាក់ចេញនូវអាទិភាពចំនួន៤ ដូចខាងក្រោម៖

ទី១៖ ការលើកកម្ពស់របបអាហារសុខភាពសម្រាប់ទាំងអស់គ្នា ដើម្បីបំបែកវដ្តអន្តរជំនាន់ នៃបញ្ហាអាហារូបត្ថម្ភ រាជរដ្ឋាភិបាលនឹងបន្តខិតខំធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីធានាឱ្យមានរបបអាហារសុខភាព និងអាហារសុវត្ថិភាព ងាយស្រួលអាចរកបាន ដើម្បីឆ្លើយតបចំពោះបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់។

ដើម្បីធ្វើឱ្យសម្រេចគោលដៅនេះ ទាមទារឱ្យមានការធ្វើសកម្មភាពជាពហុវិស័យ តាមរយៈការផ្តល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភការពង្រីកការទទួលបានសេវាសុខភាព និងសេវាអាហារូបត្ថម្ភ ជាពិសេសសម្រាប់ម្តាយ និងកុមារអាយុក្រោមពីរឆ្នាំ ដោយផ្តោតលើការជំរុញការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ព្រមទាំងផ្តល់អាហារបន្ថែមចម្រុះមុខដល់ទារក និងកុមារតូចឱ្យបានគ្រប់គ្រាន់ និងការបង្កើនរបបអាហារចម្រុះសម្រាប់ម្តាយ ការបង្កើតឱកាសការងារ ការលើកកម្ពស់ចំណេះដឹងអ្នកប្រើប្រាស់ និងការអប់រំ ការធ្វើទំនើបកម្មវិស័យកសិកម្ម និងខ្សែច្រវាក់តម្លៃស្បៀង រួមមានការបញ្ចូលមីក្រូសារជាតិទៅក្នុងអាហារ ការធ្វើពិពិធកម្មគ្រប់មុខដំណាំប្រកបដោយបរិយាប័ន្ន និងការប្រកួតប្រជែង ការផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងការរៀបចំទម្លាប់រស់នៅប្រកបដោយអនាម័យ តាមរយៈការលើកកម្ពស់ការយល់ដឹង និងការពង្រឹងគុណភាពប្រព័ន្ធនានា ដូចជាប្រព័ន្ធកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម សុខាភិបាល បរិស្ថាន និងប្រព័ន្ធគាំពារសង្គម។

ទី២៖ ការលើកកម្ពស់ភាពអង់អាចរបស់យុវជន ស្ត្រី និងជនងាយរងគ្រោះ រាជរដ្ឋាភិបាលនឹងបន្តអនុវត្តសកម្មភាពលើកកម្ពស់សមភាពយេនឌ័រ បង្កើតការងារសមរម្យ អភិវឌ្ឍន៍សហគ្រិន និងផ្តល់ឱកាសការងារដល់យុវជន ស្ត្រី និងជនងាយរងគ្រោះ និងផ្តល់ឱកាសសម្រាប់យុវជនចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល ការស្រាវជ្រាវ និងការអភិវឌ្ឍ នវានុវត្តន៍ និងគាំទ្រដល់ជនងាយរងគ្រោះ យុវជន និងស្ត្រីដែលជាម្ចាស់សហគ្រាសខ្នាតតូច មធ្យម ពង្រឹង និងពង្រីកកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំក្នុង និងក្រៅប្រព័ន្ធ និងសមាគមយុវជន និងសមាគមស្ត្រី ដើម្បីឆ្លើយតបទៅនឹងប្រព័ន្ធស្បៀងដែលកំពុងមាន
ការផ្លាស់ប្តូរ និងការអភិវឌ្ឍរបស់ប្រទេសជាតិ។

ទី៣៖ ការពង្រឹងភាពធន់លើមុខរបរចិញ្ចឹមជីវិត និងប្រព័ន្ធស្បៀង ដើម្បីឆ្លើយតបទៅនឹងវិបត្តិ និងបញ្ហានានាដែលអាចកើតឡើងនៅពេលអនាគត រាជរដ្ឋាភិបាលនឹងបន្តធ្វើសកម្មភាព ដើម្បីដោះស្រាយភាពងាយរងគ្រោះ និងកាត់បន្ថយភាពក្រីក្រ ពង្រឹងភាពធន់របស់តួអង្គពាក់ព័ន្ធ ពង្រឹងបណ្តាញការងារ និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីគាំទ្រដល់មុខរបរចិញ្ចឹមជីវិត និងប្រព័ន្ធស្បៀង។

រាជរដ្ឋាភិបាលនឹងបន្តគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិច យុវជន ស្ត្រី កសិករខ្នាតតូច និងសហគ្រាសខ្នាតតូច និងមធ្យម ក្នុងវិស័យផលិតកម្ម និងការកែច្នៃស្បៀងអាហារ ដើម្បីពង្រឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ សម្រាប់បង្កើនភាពធន់។ លើសពី២/៤នេះ រាជរដ្ឋាភិបាលនឹងបន្តប្រើប្រាស់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា កម្មវិធីជំនួយសង្គម អនុវត្តគោលការណ៍សុខភាពតែមួយ (One-Health) ដើម្បីឆ្លើយតបទៅនឹងវិបត្តិនានា។

និងទី៤៖ ការពង្រឹងអភិបាលកិច្ចដើម្បីធ្វើឱ្យប្រព័ន្ធស្បៀងកាន់តែមានបរិយាប័ន្ន រាជរដ្ឋាភិបាលនឹងបន្តរៀបចំកិច្ចសន្ទនា ការសម្របសម្រួល និងការសហការជាមួយនឹងគ្រប់តួអង្គពាក់ព័ន្ធទាំងនៅថ្នាក់អន្តរជាតិ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍ ព្រមទាំងពង្រឹងកិច្ចសហការរវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ សង្គមស៊ីវិលវិស័យឯកជន សហគមន៍កសិករ និងគ្រឹះស្ថានសិក្សានានា ដើម្បីធ្វើឱ្យប្រព័ន្ធស្បៀងកាន់តែមានបរិយាប័ន្នឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ពិសេសជនងាយរងគ្រោះ និងជនជាតិដើមភាគតិច។ រាជរដ្ឋាភិបាលនឹងបន្តរៀបចំបង្កើត និងពង្រឹងក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភថ្នាក់រាជធានីខេត្ត រៀបចំទិវាអាហារូបត្ថម្ភថ្នាក់ក្រោមជាតិ និងរៀបចំបង្កើតក្រុមយុវជនជើងឯកអាហារូបត្ថម្ភ។

ទន្ទឹមនោះ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងស្តង់ដាដែលមានស្រាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងសុវត្ថិភាពនិងគុណភាពស្បៀង និងជំរុញការអនុម័តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដើម្បីលើកកម្ពស់អភិបាលកិច្ចក្នុងប្រព័ន្ធស្បៀង៕

អត្ថបទដែលជាប់ទាក់ទង