លោក កែវ រ៉េមី ណែនាំអាជ្ញាមូលដ្ឋាន ត្រូវធ្វើការឱ្យជិតស្និទ្ធជាមួយពលរដ្ឋ ដោយប្រកាន់ស្មារតី និងគោលជំហមិនរើសអើង
បាត់ដំបង៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, សមាជិកក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តបាត់ដំបង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំរកា និងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះជួបប្រជុំជាមួយលោក លោកស្រី ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ មេប៉ុស្តិ៍ក៏ដូចជាយុវជនបក្សនៃឃុំរកា និងឃុំកំពង់ព្រៀង។
ក្នុងឱកាសនោះលោក កែវ រ៉េមី បានសំណេះសំណាលសួរសុខទុក្ខ និងសូមឱ្យប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល «៣កុំ និង៣ការពារ» និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។
លោក កែវ រ៉េមី ក៏បានផ្តល់អនុសាសន៍ដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវធ្វើការឱ្យបានជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ដោយប្រកាន់ស្មារតី និងគោលជំហមិនរើសអើង ដើម្បីស្វែងយល់ឱ្យបានច្បាស់នូវអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ និងស្វែងរកដំណោះស្រាយរួមគ្នា។
លោក កែវ រ៉េមី ក៏បានណែនាំពីការជំរុញយុទ្ធនាការឱ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំទាំងពីរ អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់ឆ្នាំ២០២២ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។
បន្ថែមពីលើនេះ លោក កែវ រ៉េមី ក៏បានផ្តាំផ្ញើឱ្យមេឃុំ មេភូមិ មេប៉ុស្តិ៍៖
*ត្រូវយកចិត្តទុក្ខដាក់ក្នុងការកសាងកម្លាំងយុវជនបក្សបន្ថែមទៀត ឱ្យកាន់តែរឹងមាំ
*ការខិតខំកសាងសមាជិកថ្មីរបស់បក្ស តាមរយៈការបម្រើ និងធ្វើអំពើល្អជាមួយប្រជាពលរដ្ឋគ្រប់រូប ជាពិសេសការធ្វើឯកសារ លិខិតស្នាមចាំបាច់នានា ដូចជា អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណើត…។
ក្នុងពិធីសំណេះសំណាលនេះផងដែរ លោកបាននាំយកនូវសម្ភារៈ ក៏ដូចជាថវិកាឧបត្ថម្ភមួយចំនួនសម្រាប់ការប្រើប្រាស់ក្នុឃុំទាំងពីរ រួមមាន៖ ម៉ាស់ចំនួន ១៥ប្រអប់ក្នុងមួយឃុំ, អាល់កុលចំនួន ២០លីត្រ ក្នុងមួយឃុំ, ជីសម្រាប់ជំនួយដល់ដំណាំកសិកម្ម ចំនួន ៨០០០លីត្រ ក្នុងមួយឃុំ និងអាវចំនួន៥, ថវិកាសម្រាប់ជួយឃុំ ១លានរៀល ក្នុងមួយឃុំ, ឧបត្ថម្ភដល់ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ និងមេប៉ុស្តី ម្នាក់ៗទទួលបាន ២០,០០០រៀលទន្ទឹមនឹងនេះដែរ លោកក៏បានជូនថវិកាសម្រាប់អ្នកកើតកូវីដ១៩ ចំនួន២រូប នៅឃុំកំពង់ព្រៀង ដោយម្នាក់ៗទទួលបាន១០ម៉ឺនរៀល ហើយក្រុមការងារក៏បាននាំយកបច្ច័យចំនួន២០ម៉ឺនរៀល ចូលរួមបុណ្យសពលោកយាយ កែ សុវណ្ណ (អាយុ៨១ឆ្នាំ) នៅភូមិអូសទូក ឃុំកំពង់ព្រៀង និងជូនថវិកាចំនួន២០ម៉ឺនរៀល ដល់គ្រួសារ របស់អ្នកស្រី សួន ធី ដែលស្លាប់ដោយកូវីដ១៩៕