ក្រសួងអប់រំ ចេញសេចក្តីជូនដំណឹងផ្លូវការ កំណត់យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ សម្រាប់ប្រឡងបាក់ឌុប
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងផ្លូវការ ស្តីពីការកំណត់សម័យប្រឡង និងដំណើរការរៀបចំប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០-២០២១ ដោយយកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ ។
សេចក្តីជូនដំណឹងបានឲ្យដឹងថា បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១។
ក្រសួងសម្រេចកំណត់សម័យប្រឡង៖ ២៧ ធ្នូ ២០២១ ជាកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២០-២០២១។
ក្រសួងនឹងចេញសេចក្តីណែនាំលម្អិត ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមដំណាក់កាលសំណេរ ដំណាក់កាល កំណែ ដំណាក់កាលស្រង់បូកពិន្ទុ និងដំណាក់កាលប្រកាសលទ្ធផល ក្នុងពេលឆាប់ៗនេះ។
សេចក្តីដូចបានជម្រាបជូនខាងលើ ក្រសួងបានសំណូមពរដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រង គ្រឹះស្ថានមធ្យមសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សគ្រប់រូប ជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕