ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលបានលើកទឹកចិត្តវិស័យវិនិយោគ តាមរយៈការផ្តល់ភាពអនុគ្រោះពន្ធដល់អ្នកវិនិយោគិន

185


ភ្នំពេញ៖ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហគមន៍ពាណិជ្ជកម្ម និងពិព័រណ៍នៃទីក្រុងម៉ាកាវ លោក ឈួន ដារ៉ា បានថ្លែងថា កម្ពុជាមានស្ថេរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងរូបបីយប័ណ្ណ ហើយរាជរដ្ឋាភិបាលបានលើកទឹកចិត្តវិស័យវិនិយោគ តាមរយៈការផ្តល់ភាពអនុគ្រោះពន្ធដល់អ្នកវិនិយោគិន។

នៅទីស្តីការក្រសួង កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ និងជាតំណាងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសហគមន៍ពាណិជ្ជកម្ម និងពិព័រណ៍នៃទីក្រុងម៉ាកាវ (Macau Fair & Trade Association [MFAT]) ដឹកនាំដោយលោក Li Xua Hui ប្រធាននៃ MICE Alliance of Pan-Pearl Delta Cities។

កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងធ្វើការផ្លាស់ប្តូរបទពិសោធន៍នៃការអភិវឌ្ឍលើវិស័យពាណិជ្ជកម្ម និងការតាំងពិព័រណ៍ ព្រមទាំងពង្រីកទំនាក់ទំនង និងការសហការគ្នារវាងប្រទេសកម្ពុជា និងឧស្សាហកម្ម MICE នៃទីក្រុងម៉ាកាវផងដែរ។

នៅក្នុងឱកាសនោះ លោក ឈួន ដារ៉ា បានធ្វើការបង្ហាញអំពីសក្កានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា ដោយបានគូសបញ្ជាក់ថា កម្ពុជាមានស្ថេរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងរូបបីយប័ណ្ណ និងមានទីតាំងស្ថិតនៅចំកណ្តាលអាស៊ាន ហើយរាជរដ្ឋាភិបាលបានលើកទឹកចិត្តវិស័យវិនិយោគ តាមរយៈការផ្តល់ភាពអនុគ្រោះពន្ធដល់អ្នកវិនិយោគិន។

លោក បានបន្តទៀតថា ការវិនិយោគពីប្រទេសចិនឈរនៅលំដាប់ទី១ ដែលនេះបង្ហាញពីការទំនាក់ទំនងសហប្រតិបត្តិការរល្អវាងកម្ពុជា និងចិន ហើយក៏ជាសញ្ញាវិជ្ជមាននៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីក្រុងម៉ាកាវផងដែរ។

លោក Li Xua Hui បានសម្តែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងពាណិជ្ជកម្ម ដែលបានគាំទ្រ និងតែងជួយសម្របសម្រួលវិនិយោគិនចិន។ លោកបានអញ្ជើញមន្ត្រីកម្ពុជា ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការតាំងពិព័រណ៍ំ ដែលនឹងប្រព្រឹត្តទៅ នៅខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ក្រោមការរៀបចំដោយក្រុមប្រឹក្សាភិបាលចិន សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មអន្តរជាតិ (CCPIT)។

ទន្ទឹមគ្នានេះ លោក Li Xua Hui បានផ្តល់នូវអាហារូបករណ៍ ៥០ភាគរយ លើការសិក្សាផ្នែករៀបចំពិព័រណ៍អន្តរជាតិ ដែលរៀបចំដោយគណៈកម្មាធិការជំរុញពាណិជ្ជកម្មទីក្រុងម៉ាកាវ ថែមទៀត។

ឆ្លើយតបនឹងការអញ្ជើញរបស់លោក Li Xua Hui តំណាងសហគមន៍ពាណិជ្ជកម្ម និងពិព័រណ៍នៃទីក្រុងម៉ាកាវ លោក ឈួន ដារ៉ា បានសន្យានឹងពាំនាំដំណឹងនេះ ធ្វើការជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ និងសម្រេច៕

អត្ថបទដែលជាប់ទាក់ទង