ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវជាតិលេខ៣ នឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន

94

 

កំពត៖ កំណាត់ផ្លូវជាតិលេខ៣ ប្រវែងសរុបជិត១៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលចោមចៅ ដល់ក្រុងកំពត ដែលសាងសង់ឡើងក្រោមហិរញ្ញប្បទានសម្បទានរបស់រដ្ឋាភិបាលចិន នឹងរៀបចំពិធីបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០២ ខែមិនា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពី លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រប់គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំក្រុមការងារ ដោយមានការចូលរួមពី លោក ឧត្តមសេនីយត្រី ថី វិសាល អនុប្រធាននាយកដ្ឋាន នគរបាលចររាចរណ៍ និងសុវត្ថិភាព សាធារណៈ ចុះបើកឱ្យប្រើប្រាស់ ភ្លើងស្តុបចំនួន២កន្លែង និងត្រួតពិនិត្យមើលការចំដាក់បង្គោលកាមេរ៉ា ចាប់ល្បឿនចំនួន១០កន្លែងនៅលើផ្លូវជាតិលេខ៣។

សូមបញ្ជាក់ថា ការស្ថាបនា និងកែលំអរកំណាត់ផ្លូវជាតិលេខ៣នេះ ត្រូវបានចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី១ ពីចោមចៅ រាជធានីភ្នំពេញ ទៅបែកគុស ខេត្តតាកែវ ប្រវែង ៧០គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ ចែកចេញជា ៤គន្លង (២គន្លងទៅ២គន្លងមក)។ ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង ៦៤.៨គីឡូម៉ែត្រ ជាប្រភេទផ្លូវ AC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់ ១២ម៉ែត្រ ចែកជា ២គន្លង។

គម្រោងនេះចំណាយថវិកា សរុបប្រមាណ ២១៩,៩១១,០០០ដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន, ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ៕

អត្ថបទដែលជាប់ទាក់ទង