ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលកម្ពុជា មានជាបុរេលក្ខខណ្ឌ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កិច្ចគាំពារបរិស្ថាន

402

 

អង់គ្លេស ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជម្រាបជូនរដ្ឋមន្រ្តីទទួលបន្ទុកការងារអាស៊ី នៃចក្រភពអង់គ្លេសថា កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលកម្ពុជា មានជាបុរេលក្ខខណ្ឌ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ និងជាជាពិសេសការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃកាន់តែមានភាពល្អប្រសើរ ដែលជាឱកាសទទួលបានប្រាក់ចំណូល ពីការលក់ឥណទានកាបូន និងលើកកម្ពស់ថាមពលស្អាត។

ការថ្លែងនេះធ្វើឡើងនៅក្នុងជំនួបទ្វេភាគីជាមួយលោកជំទាវ Amanda Milling រដ្ឋមន្រ្តីទទួលបន្ទុកការងារអាស៊ីនៃចក្រភពអង់គ្លេស នៅទីក្រុង Glasgow ចក្រភពអង់គ្លេសនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះក្នុងក្របខណ្ឌ នៃការចូលរួមសន្និសីទកំពូល នៃភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងសន្និសីទកំពូល នៃភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅចក្រភពអង់គ្លេស។

ក្នុងឱកាសជួបពិភាក្សានោះ លោកជំទាវ រដ្ឋមន្រ្តីបានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។ ភាគីទាំងពីរបានប្តេជាចិត្ត បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕

អត្ថបទដែលជាប់ទាក់ទង