ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំពិសេស រវាងរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ ត្រូវបានដឹកនាំ ដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន តាមរយៈប្រព័ន្ធ វីដេអូពីចម្ងាយ

91

 

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ តាមរយៈ ប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនផ្លូវគោក និងផ្លូវហាយវេនៃ ប្រទេសឥណ្ឌា ឯកឧត្តមតំណាងដៃគូអភិវឌ្ឍន៍ ឯកឧត្តម លោកជំទាវរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ឯកឧត្តម LIM JOCK HOI អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូអមដំណើរ។

កិច្ចប្រជុំពិសេសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវវេទិកាសម្រាប់ការពិភាក្សាបើកចំហ ការផ្លាស់ប្តូរទស្សនៈទៅវិញទៅមក ចែករំលែកនូវបទពិសោធន៍និងការអនុវត្តល្អៗ និងស្វែងរកមធ្យោបាយដើម្បីសម្រេចបាននូវគោលដៅរួម ក្នុងការពន្លឿនការប្រែក្លាយឌីជីថលសម្រាប់ការដឹកជញ្ជូន និង ភស្តុភារកម្មដែលធន់ជាងមុននៅក្នុងតំបន់អាស៊ាន។

ក្នុងនាមរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង វាយតម្លៃខ្ពស់ចំពោះដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ ដែលបានពង្រីកកិច្ចសហប្រតិបត្តិការ និងការគាំទ្រ ដល់រដ្ឋជាសមាជិកអាស៊ាន ដើម្បីធ្វើឱ្យប្រសើរឡើងដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង ភស្តុភារកម្ម។

ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញបំណងចង់ឃើញដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ជួយជ្រោមជ្រែង ដល់ការអនុវត្តគម្រោងអាទិភាពសំខាន់ៗ ដែលបានដាក់ចេញនៅក្នុងក្របខ័ណ្ឌការស្តារសេដ្ឋកិច្ចឡើងវិញ គ្រប់ជ្រុងជ្រោយរបស់អាស៊ាន ផែនការយុទ្ធសាស្ត្រដឹកជញ្ជូនទីក្រុងគូឡាឡាំពួ២០១៦-២០២៥ និងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ហើយឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជូនពរផង ដែរសូមឱ្យកិច្ចពិភាក្សានៅក្នុងកិច្ចប្រជុំពិសេសនេះទទួលបានលទ្ធផលផ្លែផ្កា និងជោគជ័យដ៏ត្រចះត្រចង់ប្រកបអត្ថន័យជ្រាលជ្រៅ៕

អត្ថបទដែលជាប់ទាក់ទង