ជនសង្ស័យចំនួន ៣នាក់ ករណី អំពើឆបោក ប្រើល្បិចយកខ្សែកកាឡៃ ដូរយកខ្សែកពិត ទៅតុលាការ
ភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ ករណី អំពើឆបោក ប្រើល្បិចយកខ្សែកកាឡៃដូរយកខ្សែកពិត នៅចំណុចមុខតូបលក់កាហ្វេ ផ្លូវបេតុង ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៧និង២០នាទី។ នៅថ្ងៃទី១៣ខែវិច្ឆិកានេះ ជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
អធិការដ្ឋាននគរបាលខណ្ឌកំបូល បានបញ្ជាក់ថា ជនសង្ស័យចំនួន ៤នាក់ ៖ ១-ឈ្មោះ យិន វ៉ាន់នី ហៅ តាខ្មៅ ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន)។ ២-ឈ្មោះ ជី ណាង ហៅ ម៉ែអាឈុន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិក្បាលដំរី២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន)។ ៣-ឈ្មោះ សួន ស្រីមុំ ហៅ យាយស្វិត ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន) និង៤-ឈ្មោះ តោ ភេទប្រុស អាយុប្រហែល ៤២ឆ្នាំ (គេចខ្លួន)។
ជនរងគ្រោះឈ្មោះ គន់ ផាន្នី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ បុគ្គលិកអចលនទ្រព្យ ស្នាក់នៅផ្ទះលេខបេ១៣ ភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សម្ភារៈបន្សល់ទុក៖ ខ្សែក ពណ៌មាស ចំនួន ០១ខ្សែ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕