ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូ​បង្វឹក​ថ្មី​ក្រុម​ជម្រើស​ជាតិ​ Honda ​នឹង​ផ្ដល់​​រាល់​បទ​ពិសោធន៍ ​​ហើយ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រីករាយ

108


ភ្នំពេញ៖ គ្រូ​បង្វឹក​ថ្មី​ក្រុម​ជម្រើស​ជាតិ​ Keisuke Honda បាន​ថ្លែង​ថា៖ ខ្ញុំ​នឹង​​​​ផ្ដល់​បទ​ពិសោធន៍​ខ្ញុំ​ទាំង​អស់​ដល់​ក្រុម ជម្រើសជាតិ​កម្ពុជា​ក្នុង​គម្រោង​​នេះ។ ​នេះ​ជា​​​លើក​ដំបូង​​នៃ​ការងារ​របស់​ខ្ញុំ។ ​យើង​​មាន​​កីឡាករ​ដែល​មាន​ទេព​កោសល្យ​នៅ​ទី​​​នេះ​ ​ហើយ​ខ្ញុំ​សង្ឃឹម​ថា​នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​​ចំពោះ​ការងារ​នេះ។ ​ ​ការ​ថ្លែង​នេះ​​នៅ​ពហុកីឡដ្ឋាន​​ជាតិ​ល្ងាច​នេះ ​ពេល​​មក​បង្វឹក​​​លើក​ដំបូង​​មុន​ជម្រើស​ជាតិ​ជួប ម៉ាឡេស៊ី​ថ្ងៃ​ទី​ ១០ កញ្ញា ខាង​មុខ។ ​

គ្រូ​បង្វឹក​​ដែល​ត្រូវ​បាន​តែងតាំង​​កាល​ដើម​ខែ​មិថុនា​ ​ដោយ​ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​រូប​នេះ​​បញ្ជាក់​បន្ត​ទៀត​ថា​​ ​លោក​ចង់​ឈ្នះ​ការ​ប្រកួត​ទល់​នឹង ម៉ាឡេស៊ី​ ខាង​មុខ​ទោះ​ជា​លើក​ដំបូង​របស់​​​​នៃ​ការ​ចាប់​ផ្ដើម​ហ្វឹកហាត់​ក៏​ដោយ។ អតីត​កីឡាករ​ជប៉ុន​រូប​នេះ​​ ​​បន្ត​ថា​ត្រូវ​តែ​​​​​ស្វែង​​រក​ចំណុច​ខ្លាំង​ និង ចំណុច​ខ្សោយ​របស់​កីឡាករ​បន្ថែម​ទៀត​​រហូត​ដល់​ជួប​ម៉ាឡេស៊ី។ ​

អតីត​កីឡាករ AC Milan , Pachuca និង CSKA បញ្ជាក់​ថា​ ​​​​ការ​ហ្វឹកហាត់​រាល់​ថ្ងៃ​ត្រូវ​​​តែ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​លើ​ការងារ​ជា​ក្រុម ហើយ​​អ្វី​ដែល​ចម្បង​នោះ​គឺ​​ផ្លាស់​ប្ដូរ​​ជម្រើស​ជាតិ​​ឲ្យ​ល្អ​ប្រសើរ​ឡើង។ ​លោក​ថា​នឹង​ព្យាយាម​ជួស​ជុល ​រាល់​បញ្ហា​​ខ្វះខាត​កន្លង​មក។

គ្រូបង្វឹកថ្មី​ Keisuke Honda បានប្តេជ្ញាក្នុងការបង្វឹកក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ឲ្យបានល្អបំផុត​ និងទទួលជ័យជម្នះ ពេលជួបម៉ាឡេស៊ី នាសប្តាហ៍ក្នុងមិត្តភាពអន្តរជាតិ ។ បុរសវ័យ​ ៣៣ឆ្នាំជនជាតិជប៉ុន​ Honda បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងថ្ងៃបង្វឹកដំបូងនៅពហុកីឡដ្ឋានជាតិថា​ “ខ្ញុំរីករាយនៅទីនេះ​ និងសិក្សាឲ្យបានស៊ីជម្រៅពីក្រុមកម្ពុជា​ ដើម្បីទទួលបានជ័យជន្នះ ពេលជួបម៉ាឡេស៊ីនាសប្តាហ៍ក្រោយ”។

កីឡាករខ្សែប្រយុទ្ធដែលទើបប្រកាសលាឈប់ ពីក្រុមជម្រើសជាតិជប៉ុនរូបនេះ បានសង្កត់ធ្ងន់ថា​ រូបលោកបានទទួលដំបូន្មាន​ ក៏ដូចជាវិធីសាស្រ្ត ក្នុងការដឹកនាំពីក្រូបង្វឹកនៃក្លឹប​ Melbourne Victory ដើម្បីជាបទពិសោធន៍​ និងបង្វឹកក្រុមកម្ពុជាផងដែរ។

សូមបញ្ជាក់ផងដែរថា​ នេះជាថ្ងៃទី១​ របស់​ Honda ដែលបានបង្វឹកក្រុមគោព្រៃកម្ពុជា​ នាល្ងាចថ្ងៃអង្គារ​ ទី៤​ ខែកញ្ញា​ ឆ្នាំ២០១៨​ នៅពហុកីឡដ្ឋានជាតិ​ ដើម្បីជួបប្រកួតទល់នឹងក្រុមភ្ញៀវម៉ាឡេស៊ីនាថ្ងៃទី១០​ ខែកញ្ញាសប្តាហ៍ក្រោយ​ គិតចាប់តាំងពីត្រូវបានតែងតាំងនាថ្ងៃទី១២​ ខែសីហាមកនោះ៕


អត្ថបទដែលជាប់ទាក់ទង