ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងផែនការ ៖ អត្រានៃភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ មានកម្រិត ១៧,៨%

94

 

ភ្នំពេញ៖ សារគន្លឹះរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ថ្លែងក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយស្តីពីខ្សែបន្ទាត់ភាពក្រីក្រថ្មី និងអត្រាភាពក្រីក្រនៅកម្ពុជា ឆ្នាំ២០១៩-២០២០ ដែលក្រសួងផែនការ សហការជាមួយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយប្រើប្រាស់ខ្សែបន្ទាត់ភាពក្រីក្រថ្មីនេះ អត្រានៃភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ មានកម្រិត ១៧,៨% ក្នុងនោះ អត្រាភាពក្រីក្រនៅរាជធានីភ្នំពេញ ៤,២% តំបន់ទីប្រជុំជនផ្សេងទៀត ១២,៦% និងតំបន់ជនបទ ២២,៨%។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានថ្លែងថា ដោយមានការអនុញ្ញាតដ៏ ខ្ពង់ខ្ពស់បំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា តាមរយៈចំណារ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ និង លិខិត របស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខៈ ៥៧៦ សជណ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ក្នុងនាម ក្រសួងផែនការ ខ្ញុំសូមធ្វើការប្រកាសព័ត៌មានស្ដីពីអត្រានៃភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ ២០១៩-២០២០។

អង្គភាពអ្នកនាំ ពាក្យរាជរដ្ឋាភិបាលកម្ពុជា របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានរៀបចំឱ្យមានសន្និសីទសារ ព័ត៌មាននេះឡើង ដើម្បីក្រសួងផែនការ បានផ្សព្វផ្សាយពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការ ពិនិត្យមើល និងកែសម្រួលវិធីសាស្ត្រកំណត់ខ្សែបន្ទាត់ភាពក្រីក្រថ្មី និងអត្រាភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ នាពេលនេះ។

ខ្សែបន្ទាត់ភាព ក្រីក្រសម្រាប់កម្ពុជា ត្រូវបានកំណត់ជាលើកដំបូងនៅឆ្នាំ១៩៩៧ ដោយប្រើប្រាស់ទិន្នន័យពី អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ១៩៩៣-១៩៩៤។ ខ្សែបន្ទាត់ភាពក្រីក្រនេះ ត្រូវបានប្រើ ប្រាស់សម្រាប់វាស់វែងកម្រិតនៃភាពក្រីក្រនៅកម្ពុជា រហូតដល់ឆ្នាំ២០០៨។ ក្រោយមក ដោយសារសេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងអំឡុងពេលពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៨ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្ត ធ្វើការកំណត់ខ្សែបន្ទាត់ក្រីក្រឡើងវិញសម្រាប់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៣ ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០០៩។ ខ្សែបន្ទាត់ភាពក្រីក្រនេះ ត្រូវបានប្រើប្រាស់សម្រាប់វាស់វែងភាពក្រីក្រនៅកម្ពុជារហូតមកដល់បច្ចុប្បន្ន។

ជាថ្មីម្តងទៀត សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនខ្លាំង និងបានក្លាយជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ ដែលធ្វើឱ្យមានការប្រែប្រួលគួរឱ្យកត់សម្គាល់ នៃការ ប្រើប្រាស់សម្រាប់តម្រូវការមូលដ្ឋានរបស់ប្រជាជនកម្ពុជា ជាពិសេស របស់ក្រុមជនក្រីក្រ ដូចជា ការចំណាយច្រើនជាងមុនលើការសិក្សា, សុខភាព, លំនៅឋាន, ទូរស័ព្ទផ្ទាល់ខ្លួន និងអិនធឺណិត ជាដើម។ ហេតុដូចនេះ ដោយយល់ឃើញថា ខ្សែបន្ទាត់ភាពក្រីក្រដែលកំពុងប្រើប្រាស់ គឺលែង សមស្របជាមួយនឹងភាពប្រសើរឡើង នៃស្ថានភាពសង្គមសេដ្ឋកិច្ចនៅកម្ពុជា ក្រសួងផែនការ ដោយមានការគាំទ្របច្ចេកទេសពីធនាគារពិភពលោក បានពិនិត្យមើលឡើងវិញ និងកែសម្រួល វិធីសាស្ត្រសម្រាប់ការកំណត់ខ្សែបន្ទាត់ភាពក្រីក្រនៅកម្ពុជា ដោយអនុលោមតាមឧត្តមានុវត្ត អន្តរជាតិ។

ដើម្បីឆ្លុះបញ្ចាំងពីការប្រែប្រួលនៃការប្រើប្រាស់ និងធ្វើឱ្យប្រសើរឡើងនូវវិធីសាស្ត្រ សម្រាប់វាស់វែងភាពក្រីក្រ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្ត៖ (១) កែសម្រួលបញ្ជីសំណួរ សម្រាប់អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០១៩-២០២០ ដើម្បីទទួលបានព័ត៌មានប្រសើរ ជាងមុនស្តីពីការប្រើប្រាស់ ដោយប្រើបញ្ជីលម្អិត និងកត់ត្រាពីបរិមាណប្រើប្រាស់និងតម្លៃនៃមុខ ទំនិញនីមួយៗ (២)ធ្វើការកែសម្រួលឱ្យបានជាវិធីសាស្រ្តមួយ ដែលស្របទៅនឹងឧត្តមានុវត្ត អន្តរជាតិ – វិធីសាស្ត្រដែលកែសម្រួលនេះបានផ្តោតលើចំណុចសំខាន់ៗចំនួនពីរ គឺ (ក) បង្កើតការចំណាយប្រើប្រាស់សរុបថ្មីមួយ ដែលដាក់បញ្ចូលនូវតម្លៃប៉ាន់ស្មានការប្រើប្រាស់ សម្ភារប្រើប្រាស់បានយូរ តម្លៃប៉ាន់ស្មានថ្លៃជួលផ្ទះ និង (ខ) ការអនុវត្តវិធីសាស្ត្រចំណាយលើតម្រូវការមូលដ្ឋាន និងកន្ត្រករួម ដើម្បីកំណត់ខ្សែបន្ទាត់ភាពក្រីក្រ។

ផ្អែកលើវិធីសាស្ត្រដែលបានកែសម្រួល និងទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០១៩-២០២០ ខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិសម្រាប់កម្ពុជា មានចំនួន ១០.៩៥១រៀល ក្នុង ម្នាក់ ក្នុងមួយថ្ងៃ ផ្អែកលើមូលដ្ឋាននៃខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិនេះ ខ្សែបន្ទាត់ភាពក្រីក្រ តាមតំបន់មានដូចខាងក្រោម៖

– ១ ០៩៥១រៀល ក្នុងមនុស្សម្នាក់ ក្នុងមួយថ្ងៃ នៅរាជធានីភ្នំពេញ,

– ៩ ៥៧១រៀល ក្នុងមនុស្សម្នាក់ ក្នុងមួយថ្ងៃ នៅតំបន់ទីប្រជុំជនផ្សេងទៀត, និង

– ៨ ៩០៨រៀល ក្នុងមនុស្សម្នាក់ ក្នុងមួយថ្ងៃ នៅតំបន់ជនបទ។

ដោយប្រើប្រាស់ខ្សែបន្ទាត់ភាពក្រីក្រថ្មីនេះ អត្រានៃភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ មានកម្រិត ១៧,៨% ក្នុងនោះ អត្រាភាពក្រីក្រនៅរាជធានីភ្នំពេញ ៤,២% តំបន់ទីប្រជុំជនផ្សេងទៀត ១២,៦% និងតំបន់ជនបទ ២២,៨%។

អត្រាភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩- ២០២០ បានរងផលប៉ះពាល់ខ្លះពីការរីករាលដាលនៃមេរោគកូវីដ-១៩។ ការរីករាលដាលកូវីដ-១៩លើសេដ្ឋកិច្ចកម្ពុជា ដែលបានចាប់ផ្ដើម ពីដើមឆ្នាំ២០២០ តាមរយៈការបង្កផលប៉ះពាល់ដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់លើវត្ថុធាតុដើម សម្រាប់ ការផលិតផលិតផលនាំចេញ, ការថយចុះការបញ្ជាទិញពីក្រៅប្រទេស និងការធ្លាក់ចុះនៃចំនួន ភ្ញៀវទេសចរណ៍ ប៉ុន្តែផលប៉ះពាល់លើកម្រិតជីវភាពរស់នៅរបស់គ្រួសារប្រជាជនកម្ពុជា អាចចាប់ ផ្តើមពីខែមេសាឆ្នាំ២០២០ នៅពេលដែលវិធានការណ៍ការរឹតបន្តឹងនានាត្រូវបានអនុវត្ត៕

អត្ថបទដែលជាប់ទាក់ទង