ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីបារម្ភមាន ការផ្ទុះរីករាលដាលឡើងវិញ នៃជំងឺកូវីដ១៩ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់នាពេលខាងមុខនេះ

49

 

ភ្នំពេញ ៖ សារសំឡេងពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែរក្សាសុខភាព និងជាពិសេសយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ដើម្បីការពារជម្ងឺឆ្លងផ្សេងៗ ជាពិសេសជម្ងឺកូវីដ១៩ នៅក្នុងរដូវរងារនេះ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវក្តីបារម្ភមានការផ្ទុះរីករាលដាលឡើងវិញនៃជំងឺកូវីដ១៩ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់នាពេលខាងមុខនេះ។ សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាយកចិត្តទុកដាក់ថែទាំសុខភាព និងបន្តអនុវត្តវិធានសុខាភិបាល ជាពិសេស «៣ការពារ និង៣កុំ» ឱ្យបានខ្ពស់ ដើម្បីធានាថា មិនមានការផ្ទុះឡើងវិញនៃជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា បើទោះបីមិនទាន់មានការសិក្សាច្បាស់លាស់តាមបែបវិទ្យាសាស្ត្រក៏ដោយចុះ ក៏ប៉ុន្តែតាមបទពិសោធន៍ប្រទេសមួយចំនួននៅពេលរដូវត្រជាក់បានចាប់ផ្តើមជំងឺឆ្លងតែងកើតមាន។

សម្តេចតេជោ បានបន្ថែមថា សម្រាប់នៅកម្ពុជាបើទោះបីពេលបច្ចុប្បន្ន ជំងឺកូវីដ១៩ បានធូរស្រាល ប៉ុន្តែការឆ្លងនៃជំងឺនេះមិនទាន់បានបញ្ចប់នៅឡើយទេ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ទប់ស្កាត់ និងការពារឱ្យបានខ្ពស់។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះ «រដូវរងារតែងនាំមកនូវជំងឺផ្សេងៗ ជាពិសេសផ្តាសាយ ហើយផ្តាសាយនៅក្នុងពេលកំពុងកើតមានជំងឺកូវីដ១៩នេះ វាងាយនាំទៅដល់ការឆ្លងនៃជំងឺកូវីដ១៩ ពិតប្រាកដ។ ដូច្នេះជារួមសារមួយនេះ ខ្ញុំសម្តៅអំពាវនាវជូនចំពោះប្រជាពលរដ្ឋរបស់យើងយកចិត្តទុកដាក់ការពារសុខភាពក្នុងរយៈពេលនៃរដូវរងារ រដូវរំហើយនេះ ដែលធម្មតាតែងតែមានជំងឺឆ្លង»។

សម្តេចតេជោ បានថ្លែងបន្តថា «នៅក្នុងដំណាក់ដែលប្រទេសយើងពុំទាន់បានបញ្ចប់នូវជំងឺកូវីដ១៩ ហានិភ័យនៅមានខ្ពស់នៅឡើយ ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាមានការយកចិត្តទុកដាក់ថែទាំសុខភាព គឺយើងអាចនឹងឆ្លងកាត់បាននៅក្នុងដំណាក់កាលដែលនឹងមកដល់ពេលខ្លីខាងមុខនេះ»។

ប្រមុខរាជរដ្ឋាភិបាលដែលតែងតែគិតគូរ និងខ្វាយខ្វល់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតែងតែគិតប្រុងប្រយ័ត្នជាមុនចំពោះហានិភ័យក្នុងសង្គមនេះ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលនឹងត្រូវមានដំណើរកម្សាន្តក្នុងឱកាសឈប់សម្រាកបុណ្យអ៊ំទូក សំពះព្រះខែ បណ្តែតប្រទីប និងអកអំបុកនេះ ក៏ត្រូវថែទាំសុខភាពឱ្យបានខ្ពស់។ ជាពិសេសអនុវត្តតាមវិធានទាំងឡាយរបស់ក្រសួងសុខាភិបាល រួមទាំងវិធានការ «៣ការពារ និង៣កុំ» ដើម្បីធានាថា មិនឆ្លងជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បង្ហាញក្តី និងជឿជាក់ថា ប្រជាពលរដ្ឋទាំងអស់ចូលរួមថែទាំសុខភាព ការពារការរាតត្បាតជំងឺកូវីដ១៩ ហើយទទួលបានផលទាំងអស់គ្នាពីកិច្ចប្រឹងប្រែងថែទាំសុខភាពមួយនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ឲ្យយកចិត្តទុកដាក់ចំពោះសុខភាព របស់មនុស្សចាស់ដែលគ្មានទីពឹង តាមរយៈការផ្តល់នូវសម្ភារៈចាំបាច់ ដូចជាមុង ភួយ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅក្នុងរដូវរងា។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ខ្ញុំសូមអំពាវនាវចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមមេត្តាយកចិត្តទុកដាក់ ចំពោះមនុស្សចាស់ដែលពុំមានទីពឹង មានន័យថាមនុស្សចាស់ដែលពុំមានកូនចៅនៅជិត ត្រូវផ្តល់នូវសម្ភារៈចាំបាច់ ជាមុង ជាភួយ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ នៅក្នុងកាលៈទេសៈដែលត្រូវឆ្លងកាត់ក្នុងដំណាក់កាលនៃរដូវរងានេះ។ សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន ក៏ជាកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ទៅលើអ្នកដែលពុំមានទីពឹង ដែលពួកគាត់ងាយនឹងរងគ្រោះដោយសារជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ចៅអធិការវត្តទាំងអស់ សូមយកចិត្តទុកដាក់ ចំពោះលោកយាយជីតាជី ដែលបានទៅសុំសីល៍ នៅតាមទីវត្តអារាម ធ្វើឲ្យយ៉ាងណាផ្តល់ភាពកក់ក្តៅឲ្យពួកគាត់ តាមរយៈការផ្តល់ជាភួយ ជាមុង ក្នុងរដូវត្រជាក់នេះ។ ចំពោះព្រះសង្ឃដែលមានវ័យចាស់ជរា ក៏ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពផងដែរ។

សម្តេចតេជោបញ្ជាក់ថា រដូវរងាតែងតែនាំមកនូវជំងឺផ្សេងៗ ពិសេសជំងឺផ្តាសាយ ដែលជំងឺផ្តាសាយនេះ នឹងងាយនាំមកនូវការឆ្លងជំងឺកូវីដ១៩។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អក្នុងរដូវរងា ក្នុងកាលៈទេសៈដែលកម្ពុជាមិនទាន់បានបញ្ចប់នៃជំងឺកូវីដ១៩ នៅឡើយ៕


អត្ថបទដែលជាប់ទាក់ទង