អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក
ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា ទោះបីឆ្នាំនេះ រាជរដ្ឋាភិបាលមិនបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញដោយសារជំងឺកូវីដ-១៩យ៉ាងណាក្តី តែមន្រ្តីរាជការ កម្មករនិយោជិត ទំាងក្នុងវិស័យរដ្ឋនិងឯកជន បានឈប់សម្រាកពីការងារនិងជាឱកាសល្អមួយនៅក្នុងការជួបជុំគ្រួសារ ឬធ្វើដំណើរកម្សាន្ត តាមរមណីយដ្ឋានទេសចរណ៍នានា។
សម្តេចប្រធានរដ្ឋសភា បានបន្ថែមទៀតថា ប្រទេសជាតិមានសុខសន្តិភាព សុវត្ថិភាព ផ្លូវគមនាគមន៍ល្អ ធ្វើឲ្យការធ្វើដំណើរទេសចរណ៍បាននៅគ្រប់កន្លែង ស្របពេលដែលការបើកប្រទេសឡើងវិញលើគ្រប់វិស័យនោះ។ រមណីយដ្ឋានទេសចរណ៍វប្បធម៌ ធម្មជាតិ និងកែច្នៃ មិនថានៅក្នុងរាជធានីភ្នំពេញ និងតាមខេត្តនានា បានត្រៀមរៀបចំទទួលស្វាគមន៍ភ្ញៀវទេសចរ ជាមួយការអនុវត្តតាម វិធានសុខាភិបាលយ៉ាងម៉ឹងម៉ាត់ ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។
យើងបានធូរស្រាលពីជំងឺកូវីដ-១៩ ដោយសារយុទ្ធសាស្រ្តវ៉ាក់សំាងរបស់រាជរដ្ឋាភិបាល តែយើងមិនត្រូវធ្វេសប្រហែសភ្លេចការពារខ្លួននោះឡើយ។
សូមជនរួមជាតិបន្តអនុវត្តវិធានការ “៣កុំ ៣ការពារ” ជាប់ជាប្រចាំ និងឱ្យបានហ្មត់ចត់ជាទីបំផុត ដើម្បីចៀសឆ្ងាយពីជំងឺដ៏កាចសាហាវនេះ។
សូមជនរួមជាតិ ទទួលបានសេចក្តីសុខចម្រើន និងរីករាយគ្រប់ក្រុមគ្រួសារ នៅក្នុងឱកាសឈប់សម្រាក និងសូមមានសុវត្ថិភាពក្នុងការធ្វើដំណើរ ដោយត្រូវគោរពច្បាប់ចរាចរ និងចេះអធ្យាស្រ័យគ្នានៅក្នុងការបើកបរ៕