នគរបាលស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគំរាមកំហែងថានឹងសម្លាប់ប្រពន្ធ
កណ្ដាល៖ នគរបាលស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ករណីគំរាមកំហែងថានឹងសម្លាប់ទៅលើប្រពន្ធ និងដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បន្ទាប់ប្រើប្រាស់គ្រឿងញៀនរួច។ ករណីនេះ បានកើតឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០និង១០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ កែវ ចាន់ណេត ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ ចាន់ណេត ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាប្រពន្ធរបស់ជនសង្ស័យ)។ ចំណែកជនសង្ស័យឈ្មោះ រ៉េន ឡាកែង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាប្ដីរបស់ជនរងគ្រោះ)។
វត្ថុតាងចាប់យករួមមាន៖ ១. កាំបិតផ្គាក់ ចំនួន ០១ ផ្លែដែក ដងឫស្សី មានប្រវែងសរុប ៦៧ស.ម (ផ្លែប្រវែង ៣០ស.ម និង ដងប្រវែង ៣៧ស.ម), ២.ចង្ក្រានហ្គាស (ប្រភេទប្រើហ្គាសធុង) ចំនួន០១, ៣.ទុរយោជ័រសម្រាប់ភ្ជាប់ធុងហ្គាសមានជាប់ក្បាលហ្គាស ចំនួន០១ មានប្រវែងសរុប ១.៧២ម ។
ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យនៅពេលដែលប្រើប្រាស់គ្រឿងញៀនរួច តែងតែស្រែកឡូឡា រករឿងជេរប្រមាថ និង គំរាមកំហែងចង់សម្លាប់ជនរងគ្រោះជាប្រពន្ធជាញឹកញាប់ ដោយជួនកាលធ្លាប់យកកាំបិត និង កណ្ដៀវយកមកជ្រលរកាប់ក្បាលប្រពន្ធថែមទៀតផង។ លុះនៅ ថ្ងៃ/ខែ/ឆ្នាំ និងវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានខឹងនឹងប្រពន្ធ ក៏បានធ្វើសកម្មភាពយកកាំបិតផ្គាក់ ទៅស្រែកសំឡុតគំរាមកំហែងចង់កាប់ប្រពន្ធរបស់ខ្លួន ទើបប្រពន្ធរបស់ខ្លួនបានរត់គេចចេញពីផ្ទះ បន្ទាប់មកជនសង្ស័យបានចូលទៅក្នុងផ្ទះបាយ ហើយបានធ្វើសកម្មភាពកាច់បញ្ឆេះចង្ក្រានហ្គាសដើម្បីដុតផ្ទះរបស់ខ្លួនចោល បណ្ដាលអោយមានការឆេះផ្ទះអស់មួយចំនួន និង បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងដែលរស់នៅក្បែរនោះជាខ្លាំង។