ព្រះមហាក្សត្រ ស្នើរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពីរដ្ឋសភា បំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កំរិតជីវភាព ប្រជាពលរដ្ឋ
ភ្នំពេញ៖ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសម័យប្រជុំលើកដំបូង នីតិកាលថ្មី នៃរដ្ឋសភានៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ដែលមានការចូល ពីសមាសភាពតំណាងរាស្ត្រទាំង១២៥រូប ។ ការបើកសម័យប្រជុំលើកដំបូងនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបណ្តាប្រទេសនានាប្រចាំនៅកម្ពុជាផងដែរ។
ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ និងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមានកំណត់ ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាព នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ ដោយស្មើភាព សម្រាប់ប្រជាពលរដ្ឋរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាង របស់ប្រជាពលរដ្ឋ។ តំណាងរាស្រ្តក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នា ក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ និងការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកំរិតវិជ្ជារបស់ខ្លួន។
ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា “ខ្ញុំមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កំរិតជីវភាព ប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្រប់ដណ្តប់ប្រជាពលរដ្ឋគ្រប់រូប និងការអភិវឌ្ឍ និងអភិវឌ្ឍន៍វប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្របគ្នានឹងការលើកកម្ពស់ សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គម”។
ខាងក្រោមជាព្រះរាជសុន្ទរកថា ព្រះមហាក្សត្រ ក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៦៖