ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី ឃួន សុដារី អំពាវនាវ ឱ្យគណបក្សនយោបាយ ក្នុងតំបន់អាស៊ី រួមគ្នាទប់ស្កាត់ការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងពីរដ្ឋដទៃ ក្រោមរូបភាពលិទ្ធិប្រជាធិបតេយ្យ

102

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ នៃរដ្ឋសភា បានអំពាវនាវឱ្យគណបក្សនយោបាយក្នុងតំបន់អាស៊ី រួមគ្នាទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីរដ្ឋដទៃក្រោមរូបភាពលិទ្ធិប្រជាធិបតេយ្យ។

ការអំពាវនាវបែបនេះ របស់ស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២១ បានអញ្ជើញចូលរួមជាភ្ញៀវឥស្សរជនជាន់ខ្ពស់ តំណាងឱ្យគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចប្រជុំស្តីពីបទសង្ខេបអំពីលទ្ធផលសំខាន់ៗ នៃសន្និបាតលើកទី៦ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី១៩។

ការអញ្ជើញចូលរួមនាពេលនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោក សុង ថាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដោយមានការអញ្ជើញពីឥស្សរជន និងមេដឹកនាំ តំណាងគណបក្សនយោបាយចំនួនជាង ៥០០រូប មកពី១៦០ គណបក្សនយោបាយ និងស្ថាប័ននានា នៃជាង៥០ប្រទេស ក្នុងនោះមានដូចជាលោក Ivica DACIC ប្រធានគណបក្សសង្គមនិយមស៊ែប៊ី និងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋស៊ែប៊ី និងឥស្សរជនជាន់ខ្ពស់ជាច្រើនទៀត។

ជាមួយគ្នានេះផងដែរ ក៏មានការចូលរួមដោយផ្ទាល់នៅទីក្រុងប៉េកាំង ពីមន្រ្តីការទូតជាន់ខ្ពស់ និងធុរជនជាតំណាងឧស្សហកម្ម និងពាណិជ្ជកម្មចំនួនជាង ១០០រូប។

កិច្ចប្រជុំនាពេលនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការចែករំលែកនូវបទពិសោធន៍អភិបាលកិច្ច និងសម្រួលដល់កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងបណ្តាគណបក្សនយោបាយ ក៏ដូចជាផ្សព្វផ្សាយអំពី «សេចក្តីសម្រេចចិត្តរបស់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ស្តីពីសមិទ្ធផលសំខាន់ៗ និងបទពិសោធន៍ប្រវត្តិសាស្ត្រក្នុងការខិតខំតស៊ូរយៈពេល១០០ឆ្នាំ នៃបក្សកុម្មុយនិស្តចិន» ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។

ក្នុងសុន្ទករថាគន្លឹះរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានសម្តែងនូវការអបអរសាទរចំពោះបក្សកុម្មុយនីស្តចិន ដែលសម្រេចបានសមិទ្ធិផលធំៗជាច្រើនជូនប្រទេសជាតិចិន។

លោកស្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការកសាងសហគមន៍មានសាមគ្គីភាពអន្តរជាតិ និងពហុភាគីនិយម។ ជាក់ស្តែងការចូលរួមចំណែកយ៉ាងធំរបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ នៅទូទាំងពិភពលោក តាមរយៈការបង្កើនកិច្ចប្រឹងប្រែងផ្តល់សម្ភារវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ ចែករំលែកបទពិសោធន៍ បច្ចេកទេស និងជាពិសេសបានផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងការចូលរួមរបស់ចិន តាមរយៈកម្មវិធីផ្លូវសូត្រសុខភាព ការដឹកនាំខ្សែច្រវ៉ាក់ផលិតកម្ម ការចែករំលែកបច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវជាដើម ដែលទាំងអស់នេះជាសក្ខីភាពឆ្លុះបញ្ចាំងពីភាពចាំបាច់ និងភាពបន្ទាន់នៃការកសាងសហគមន៍មួយដែលមានជោគវាសនារួមសម្រាប់មនុស្សជាតិ។

បន្ថែមពីនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏បានរំលេចផងដែរ អំពីវឌ្ឍភាពនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ទាំងក្នុងក្របខណ្ឌបក្ស និងរដ្ឋ។ កម្ពុជាបន្តគាំទ្រគោលនយោបាយចិនតែមួយ និងតួនាទីរបស់ចិនក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងស្វាគមន៍រាល់គម្រោងអភិវឌ្ឍ BRI របស់ចិន។ ទោះបីកម្ពុជាជាប្រទេសតូច ហើយចិនជាមហាអំណាច និងមានមនោគមវិជ្ជា និងប្រព័ន្ធនយោបាយខុសគ្នាកី្តក៏ទំនាក់ទំនងរវាងប្រទេសទាំងពីរជាគំរូនៃចំណងទាក់ទងទ្វេភាគី ដែលឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក, អធិបតេយ្យស្នើគ្នា, គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានសង្កត់ធ្ងន់ថា ការលើកកម្ពស់លិទ្ធប្រជាធិបតេយ្យ ត្រូវតែឆ្លុះបញ្ចាំងពីឆន្ទៈប្រជាជន និងឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាជនរដ្ឋសាមី មិនមែនដើម្បីបម្រើផលប្រយោជន៍របស់ក្រុមអ្នកនយោបាយ និងប្លុកមួយណាឡើយ៕

អត្ថបទដែលជាប់ទាក់ទង