ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផែនការអភិវឌ្ឍ សង្កាត់ ខណ្ឌទួលគោក មានការគាំទ្រ ពីមន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងវិស័យឯកជនជាង១០០ភាគរយ

381

ភ្នំពេញ ៖ ក្នុងកម្មវិធីសិក្ខាសាលាសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២២-២០២៤ របស់ខណ្ឌ សង្កាត់របស់រដ្ឋបាលខណ្ឌទូលគោក មានមន្ទីរ អង្គភាពជំនាញ អង្គការសង្គមស៊ីវិល វិស័យឯកជននិង
ដៃគូអភិវឌ្ឍន៍នានាធ្វើគាំទ្រគម្រោងអភិវឌ្ឍន៍មូលដ្ឋានខណ្ឌទួលគោកជាង១០០ភាគរយ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានខណ្ឌទួលគោកឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀត។
ការប្រកាសពីការគាំទ្រ ចំពោះគម្រោងអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានខណ្ឌខាងលើនេះ បានធ្វើឡើងនៅក្នុងអង្គសិក្ខាសាលាសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២២-២០២៤ របស់ខណ្ឌ សង្កាត់របស់រដ្ឋបាលខណ្ឌទូលគោក នាព្រឹកថ្ងៃទី២២វិច្ឆិកាឆ្នាំ ២០២១នេះ ក្រោមអធិបតីភាពលោកនួន ផារ័ត្នអភិបាលរងរាជធានីភ្នំពេញតំណាងឱ្យលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជា ពិសី អភិបាលខណ្ឌទួលគោក ដោយមានការចូលរួមពីមន្ទីរនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញអង្គភាពជំនាញ អង្គការសង្គមស៊ីវិល វិស័យឯកជននិង
ដៃគូអភិវឌ្ឍន៍នានាមួយចំនួនទៀត។
លោកជា ពិសី បានមានប្រសាសន៍លើកឡើងថា សិក្ខាសាលាសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២២-២០២៤ របស់ខណ្ឌ សង្កាត់ បានរៀបចំ ឡើងស្របតាមផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ ទាំងរបស់ខណ្ឌ និងសង្កាត់ ដែលនៅក្នុងនោះចាំបាច់ត្រូវមានការចូលរួម គាំទ្រដើម្បីឱ្យគម្រោងដែលបានរៀបចំ ឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាព នៅថ្នាក់មូលដ្ឋាន ដោយប្រើប្រាស់ធនធានឲ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព។
លោកបញ្ជាក់ថា រដ្ឋបាលខណ្ឌ និងសង្កាត់ រៀបចំគម្រោងផែនការអភិវឌ្ឍន៍ទទួលបានជោគជ័យ ក៏ដោយសារតែមានការ ចូលរួម និងគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ទីរ អង្គភាពជំនាញ ដៃគូអភិវឌ្ឍន៍វិស័យឯកជន និងសប្បុរសជននានាផងដែរ។
លោកនួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថាគោលបំណងដែលបង្កើតឱ្យមានអង្គសិក្ខាសាលានេះឡើង គឺដើម្បីឲ្យរដ្ឋបាលខណ្ឌ សង្កាត់ បង្ហាញពីគម្រោងនៃការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ដើម្បីសុំអោយមានការគាំទ្រ ពីមន្ទីរ អង្គការសង្គមស៊ីវិល វិស័យឯកជននិងដៃគូអភិវឌ្ឍន៍នានាគាំទ្រទៅលើគម្រោងដែលបានរៀបចំឡើងនេះ។
លោកនួន ផារ័ត្នបានបន្តទៀតថា ការអភិវឌ្ឍ
មូលដ្ឋាន សង្កាត់ ខណ្ឌធ្វើឡើងទៅតាមគម្រោងផែនការដែលយើងបានរៀបចំឡើង ។ ដូច្នេះយើងត្រូវតែធ្វើគម្រោងនេះឲ្យបានល្អ ដើម្បីឲ្យមានការគាំទ្រចំពោះគម្រោងទាំងនេះ ព្រោះថា ការអភិវឌ្ឍន៍គឺត្រូវពឹងផ្អែកទៅលើគម្រោងផែនការដែលរៀបចំឡើងនេះហើយ។
ក្រៅពីការលើកឡើងខាងលើ លោកនួន ផារ័ត្ន
ក៏បានលើកឡើងពីវិធានការ ជុំវិញការពារ ការទប់ស្កាត់នូវការរីករាលដាលជំងឺកូវី-១៩ផងដែរ ដោយលោកបញ្ជាក់ថា បើទោះបីជាជំងឺកូវីដ-១៩ មានការថយចុះខ្លាំងយ៉ាងណាក្តី តែយើងត្រូវតែប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩នេះ មិនអាចទ្វេសប្រហែសនោះទេ ។ បន្ថែមពីនេះ លោកក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះអាជ្ញាធរខណ្ឌ សង្កាត់ ដែលបានរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ទទួល
បានលទ្ធផលល្អប្រសើររហូតមកដល់សព្វថ្ងៃនេះ។
ពាក់ព័ន្ធនិងអង្គសិក្ខាសាលាខាងលើលោក គឹម ច័ន្ទ ឌីណា ប្រធានមន្ទីរផែនការរាជធានីភ្នំពេញបានបញ្ជាក់ថា នៅក្នុងមូលដ្ឋានខណ្ឌទួលគោក គំរោងផែនការអភិវឌ្ឍន៍ទាំង១០សង្កាត់ ឆ្នាំ២០២០ ដើម្បីអនុវត្តនៅឆ្នាំ ២០២១មានចំនួន៣១១គម្រោង យើងអនុវត្តបាន១០០ភាគរយ។ ចំពោះលទ្ធផលនៃការគាំទ្រផែនការវិនិយោគឆ្នាំ២០២១ ដើម្បីអនុវត្តការងារឆ្នាំ២០២២ ខាងមុខនេះ រដ្ឋបាលខណ្ឌទួលគោកបានស្នើសុំឲ្យមានការគាំទ្រចំនួន៧៣គម្រោង ជាលទ្ធផល មានការគាំទ្ររហូតទៅដល់៧៧ គម្រោង មានន័យថា លើសផែនការ ១០៥ភាគរយ ដោយសារ មានការបន្ថែមគម្រោងក្រៅ ៤គម្រោងទៀត ។ ដោយឡែកសម្រាប់គម្រោងផែនការអភិវឌ្ឍន៍សង្កាត់ទាំង១០ សរុបមានចំនួន៣១១គម្រោង ជាលទ្ធផល មានការគាំទ្ររហូតទៅដល់ ៣៤៧គម្រោងស្មើនឹង១១១% ដោយសារមានការបន្ថែមគម្រោងខាងក្រៅចំនួន ៣៦គម្រោងទៀត៕

 

អត្ថបទដែលជាប់ទាក់ទង