ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីយោធា៣នាក់ ពាក់ព័ន្ធបទល្មើសជួញដូរអាវុធខុសច្បាប់ នៅខេត្តបាត់ដំបង ត្រូវបញ្ជូនទៅតុលាការ

89

 

សៀមរាប៖ មន្ដ្រីយោធាចំនួន៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងនគរបាលចាប់ឃាត់ខ្លួន ពាក់ព័ន្ធការរក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់ ដែលសមត្ថកិច្ចរកឃើញលាក់ទុក៣៣ដើម នៅក្នុងចំការមៀន ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ មន្ដ្រីយោធាទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅយប់ថ្ងៃទី១៩ និង២០ ខែវិច្ឆិកា ឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា មន្ដ្រីយោធា២នាក់ ត្រូវបានចាប់ខ្លួន នៅខេត្តសៀមរាប និងម្នាក់ទៀតចាប់ខ្លួននៅលង្វែក (កំពង់ឆ្នាំង)។ មន្ត្រីយោធា៣នាក់ដែលបានចាប់ខ្លួនរួមមាន៖ ទី១៖ ឈ្មោះ អូន ពិសិដ្ឋ ពាក់ផ្កាយ១ បម្រើការងារនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ, ទី២៖ មន្ត្រីយោធាជាអតីតអនុប្រធានផ្នែកសឹករង ទី៣៖ ជាមន្ត្រីយោធាធម្មតា។ អ្នកទាំង៣ បានបញ្ជូនទៅកាន់តុលាការហើយ ដើម្បីកាត់ទោសតាមច្បាប់ ពាក់ព័ន្ធការជួញដូរអាវុធខុសច្បាប់។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធការចាប់ឃាត់ខ្លួននេះធ្វើឡើង ដោយសហការរវាងកម្លាំងអាវុធហត្ថ ជាមួយកម្លាំងនគរបាល។

សូមជម្រាបថា នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចរកឃើញអាវុធចំនួន៣៣ដើម ក្នុងចំការមៀនមួយកន្លែង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ អាវុធចំនួន៣៣ដើម ដែលសមត្ថកិច្ចរកឃើញនោះជាប្រភេទ AK ស្វាយឈើចំនួន៣០ដើម បង់៤០បង់ និងអាវុធ M79 ចំនួន០៣ដើម៕

 

អត្ថបទដែលជាប់ទាក់ទង