នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ឋលួចប្រេងម៉ាសុីន ១០ពុយ
ភំ្នពេញ ៖ ជនសង្ស័យ ៣នាក់ ត្រូវនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពករណីលួចប្រេងម៉ាសុីន កាលពីវេលាម៉ោង១៥ និង៣០នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចឃ្លាំងលេខ៥២ ផ្លូវលេខ៥៩៨ ក្រុមទី១៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានអោយដឹងថា ជនរងគ្រោះឈ្មោះ មាស វិបុល ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរអគ្គនាយកក្រុមហ៊ុនអ៊ិម វិបុល ខូអ៊ិលសុីឌី ស្នាក់នៅ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ចំណែក ជនសង្ស័យ ទាំង៣នាក់ រួមមាន ៖ ១-ឈ្មោះសំ ចាន់ណា ភេទប្រុស ជនជាតិខ្មែរ អាយុ៤២ឆ្នាំ របរបេីកបរ ស្នាក់នៅផ្ទះលេខ ភូមិគ្រាំងក្រូច ឃុំគ្រាំងក្រូច ស្រុកឈូក ខេត្តកំពត (គ្មានសារធាតុញៀន)។
២-ឈ្មោះម៉ៅ មករា ភេទប្រុស អាយុ៣០ឆ្នាំ មិចរបរលក់ប្រេងម៉ាស៊ីន ស្នាក់នៅផ្ទះជួល សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជយ័ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន។
៣-ឈ្មោះលឹម ឧត្តម ភេទប្រុស អាយុ៣២ឆ្នាំលក់ប្រេងម៉ាសុីន ស្នាក់នៅផ្ទះលេខ៤២ ផ្លូវលំ សង្កាត់កាកាប ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។
ជាមួយគ្នានេះ សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន ៖ រថយន្តចំនួន០១គ្រឿង ម៉ាកកូរ៉េ ប្រភេទទ្រុងដឹកទំនិញ ស្លាកលេខ PP 2P-0347 (របស់ជនសង្ស័យ) និងម៉តូចំនួន០១គ្រឿង ម៉ាកគប់ស្លាកលេខPP 1AQ-8987 (របស់ជនសង្ស័យ) ព្រមទាំងប្រេងម៉ាសុីនចំនួន១០ពុយ (០១ពុយ=២០០លីត្រ) ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានអោយដឹងថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥ និង០០នាទី ជនសង័្សយ ឈ្មោះលឹម ឧត្តម ឈ្មោះ ម៉ៅ មករា និងជនសង្ស័យឈ្មោះ សំ ចាន់ណា ជាម្ចាស់រថយន្តមកលួចប្រេងម៉ាសុីន នៅចំណុចឃ្លាំងខាងលេី លុះដល់វេលាម៉ោង១៥ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ពេលកំពុងធ្វេីសកម្មភាព ជនរងគ្រោះឃេីញ ក៏បានប្តឹងរាយការណ៍មកសមត្ថកិច្ច ចុះអន្តរាគមន៍ ឃាត់ខ្លូនបានជនសង្ស័យ ចំនួន០៣នាក់ រួមទាំងវត្ថុតាង ភ្លាមៗនៅកន្លែងកេីតហេតុ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តទៅតាមនីតិវិធីច្បាប់។ ចំពោះប្រេងចំនួន១០ពុយបានប្រគល់អោយជនរងគ្រោះវិញ៕