ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដ្ឋានស្ពានអាកាសទី៧នឹងលេចជារូបរាង ក្រោយការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋនៅច្រមុះជ្រូកក្បាលថ្នល់បានបញ្ចប់

190
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានអាកាសថ្មី មួយកន្លែងទៀតនៅច្រមុះជ្រូកក្បាលថ្នល់ជាមួយនិងផ្លូវ៦០ម៉ែត្រ ដែលជាចំណុចប្រសព្វផ្លូវ៦០ម៉ែត្រ ផ្លូវព្រះមុនីវង្សនិងផ្លូវ២៧១ ជាប់ព្រំប្រទល់រវាងអាណាចក្រខណ្ឌមានជ័យនិងខណ្ឌចំការមន ក្បែរនឹងស្ពានអាកាសក្បាលថ្នល់។
   ប៉ុន្តែទោះបីជាយ៉ាងណាក្តីគម្រោងនៃការស្ថាបនាស្ពានអាកាសថ្មីមួយទៀតនេះនូវមិនទាន់ឈានដល់ការបើកការដ្ឋានស្ថាបនានូវឡើយទេ ដោយហេតុតែការដោះស្រាយផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋ នៅមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ។ ដូច្នេះហើយទើបនៅរសៀលថ្ងៃទី០៤ កញ្ញា២០១៨នេះ អាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សាមួយ ជាមួយអាជ្ញាធរខណ្ឌ មន្ត្រីជំនាញនិងតំណាង
ក្រុមហ៊ុនទទួលការសាងសង់ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាគ្នាជម្រុញដោះស្រាយផលប៉ះពាល់នេះអោយបានលឿន ។
   លោកមាន ចាន់យ៉ាដាកិច្ចប្រជុំនោះបានធ្វើការណែនាំអោយអាជ្ញាធរដែនដី មន្ទីរជំនាញយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់អោយបានលឿនទៅតាមអ្វីដែលយើងអាចធ្វើបាន ដើម្បីធ្វើយ៉ាងណាអោយគម្រោងនេះឈានដល់ការបើកការដ្ឋានឆាប់ៗ ដោយហេតុថា តំបន់ខាងលើនេះបាននឹងកំពុងប្រឈមនឹងកកស្ទះចរាចររាល់ថ្ងៃ។
   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា  គម្រោងនេះ រដ្ឋបាលរាជធានីភ្នំពេញបានសិក្សារួចហើយ ពោលគឺ នៅតែរឿងដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋនេះឯង បើការដោះស្រាយត្រូវរ៉ូវគ្នាហើយនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមបើកការដ្ឋានតែម្តង ។
   លោកបញ្ជាក់ថា ក្រោយការស្ថាបនាស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់ជាមួយនិងផ្លូវ៦០ម៉ែត្រនេះរួចនឹងអាចដោះស្រាយការកកស្ទះនៅតំបន់ក្បាលថ្នល់នេះបានយ៉ាងរលូតជាក់ជាមិនខាន។
  គួរបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៦ កន្លែងហើយ គឺ​ស្ពានអា​កាស​ក្បាលថ្នល់នៅអតីតរង្វង់មូលក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ថិតនៅ​ស្តុប​ពេទ្យលោកសង្ឃ ស្ពានអាកាស៥មករា ស្ថិតនៅស្ដុបតិចណូ  ស្ពានអាកាស ស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ នៅរង្វង់មូលចោមចៅ ដែលបាននឹងកំពុង
បើកការដ្ឋានយ៉ាងញាប់ដៃញាប់ជើងនោះ ហើយបើ ការដោះស្រាយផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋ នៅ ច្រមុះជ្រូកក្បាលថ្នល់ជាមួយនិងផ្លូវ៦០ម៉ែត្រ ដែលជាចំណុចប្រសព្វផ្លូវ៦០ម៉ែត្រ ផ្លូវព្រះមុនីវង្សនិងផ្លូវ២៧១ ជាប់ព្រំប្រទល់រវាងអាណាចក្រខណ្ឌមានជ័យនិងខណ្ឌចំការមន នោះការដ្ឋានស្ពានអាកាសទី៧នឹងលេចជារូបរាងហើយ៕
អត្ថបទដែលជាប់ទាក់ទង