ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្ត្រី គន់ គីម ជំរុញឱ្យបន្តយកចិត្តទុកដាក់ ចំពោះជីវភាពអតីតយុទ្ធជន

63

កំពង់ឆ្នាំង៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជានោះ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់លើជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន។

ការជំរុញរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញប្រកាសចូលកាន់តំណែងប្រធានកិត្តិយស និងប្រធានសមាគមអតីតយុទ្ធជនក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ក្នុងនោះ ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ត្រូវបានតែងតាំងជាប្រធានកិត្តិយសសមាគម ហើយលោក អ៊ុ សុភា មេបញ្ជាការយោធាខេត្តកំពង់ឆ្នាំ ជាប្រធានសមាគម។

នៅក្នុងពិធីនេះ លោកទេសរដ្ឋមន្ត្រី បានរំលឹកពីការតស៊ូ និងការលះបង់របស់អតីតយុទ្ធនៅក្នុងបុព្វហេតុជាតិមាតុភូមិក្នុងដំណាក់កាលជាតិជួបវិបត្តិភ្លើងសង្គ្រាម។ សម្រាប់លោកទេសរដ្ឋមន្ត្រី គន់ គីម អតីតយុទ្ធជន សុទ្ធជាអ្នកដែលបានផ្សារភ្ជាប់ខ្លួនជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរស្វែងរកសុខសន្តិភាព និងទប់ស្កាត់ការប៉ុនប៉ងវិលមកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងដែរថា ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោលើការងារអតីតយុទ្ធជននេះ លោកតែងទទួលបានការដាស់តឿន និងក្រើនរំលឹកជាប់ជានិច្ចពីសំណាក់សម្តេចតេជោ ឱ្យយកចិត្តទុកដាក់គិតគូរលើសុខទុក្ខ ជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន។ ជាពិសេសត្រូវប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមរបស់អតីតយុទ្ធជន និងប្រឹងប្រែងលើកកម្ពស់ជីវភាពរបស់ពួកគេឱ្យបានប្រសើរ តាមរយៈការផ្តល់ដីសម្បទានសង្គមកិច្ច ផ្តល់ផ្ទះ និងជំរុញការដាំដុះបង្កបង្កើនផលជាដើម។

ឈរលើស្មារតីនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានជំរុញដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ជាពិសេសនៅតាមរាជធានី-ខេត្ត ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន។ លោកទេសរដ្ឋមន្ត្រី បានណែនាំឱ្យចងក្រងជាបណ្តាញ ដើម្បីស្វែងរកអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហានានា ហើយត្រូវឆ្លើយតប ដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគេ។ ជាពិសេសសម្រាប់អតីតយុទ្ធជនអត់ទីលំនៅ អត់ដីសម្រាប់បង្កបង្កើនផលជាដើម ត្រូវស្រង់ទិន្នន័យ ហើយរៀបចំសង់ផ្ទះ និងបែងចែកដីសម្បទានសង្គមកិច្ចជូន។

តបតាមការជំរុញនេះ លោក ស៊ុន សុវណ្ណារិទ្ធ ដែលត្រូវបានជ្រើសតាំងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង បានប្តេជ្ញាចិត្តខិតខំប្រែងយកអស់កម្លាំងកាយ ប្រាជ្ញាស្មារតី បន្តនិរន្តភាព ដោះស្រាយនូវរាល់ការខ្វះខាត របស់អតីតយុទ្ធជនទីទ័លក្រ ខ្វះខាតក្នុងជីវភាព ខ្វះទីជំរកស្នាក់ ដីអាស្រ័យផលជាដើម។

ដោយឡែកលោក អ៊ុ សុភា ប្រធានសមាគមវិញ បានប្តេជ្ញាខិតខំលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់អតីតយុទ្ធជន។ ជាពិសេសចាត់តាំងក្រុមការងារគ្រប់លំដាប់ថ្នាក់ចុះដល់មូលដ្ឋានស្វែងយល់អំពីសុខទុក្ខ ជីវភាព ជម្រកស្នាក់នៅ និងដោះស្រាយបញ្ហាជាក់ស្តែងមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង