ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីពាណិជ្ជកម្ម លើកទឹកចិត្តឱ្យសហគ្រិន ធ្វើសាជីវកម្មដោយផ្សារភ្ជាប់ ការទទួលខុសត្រូវផ្នែកសង្គម

69

ភ្នំពេញ៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តដល់សហគ្រិនទាំងឡាយ ត្រូវចេះទទួលខុសត្រូវចំពោះសង្គមលើការធ្វើសាជីវកម្ម។

ក្នុងពិធីប្រគល់ពានរង្វាន់សាជីវកម្មទទួលខុសត្រូវផ្នែកសង្គម (CSR) ឆ្នាំ២០២១ ដែលរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា ការទទួលខុសត្រូវផ្នែកសង្គមរបស់សាជីវកម្មពីសំណាក់សហគ្រិនវ័យក្មេង ធុរជន មីក្រូសហគ្រាស សហគ្រាសខ្នាតមធ្យម វិនិយោគិន និងបណ្តាអ្នកពាក់ព័ន្ធនៅក្នុងសង្គម ជាកត្តាដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេស និងសង្គមកម្ពុជា ប្រកបដោយទំនួលខុសត្រូវ និរន្តភាព និងបរិយាប័ន្ន។

លោករដ្ឋមន្ត្រី បានឱ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងកិច្ចការគាំទ្រ និងលើកកម្ពស់សាជីវកម្មមានទំនួលខុសត្រូវផ្នែកសង្គម នៅក្នុងសង្គមធុរកិច្ចនៅកម្ពុជា។ ជាក់ស្ដែងក្រសួងពាណិជ្ជកម្ម បានសម្រេចនូវសមិទ្ធិផលបទដ្ឋានគតិយុត្តសំខាន់ៗជាច្រើន ក្នុងពេលថ្មីៗនេះ រួមមាន៖ ការផ្តល់សច្ចាប័នលើច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការការពារអ្នកប្រើប្រាស់ និងបទបញ្ញត្តិថ្មីៗដទៃទៀតពាក់ព័ន្ធនឹងយន្តការគាំទ្រដល់សាជីវកម្មទទួលខុសត្រូវផ្នែកសង្គម CSR។

លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមានអ្នកចូលរួមបន្ថែមទៀតពីសំណាក់ សហគ្រិនជាតិ និងអន្តរជាតិ ក្នុងកិច្ចការ CSR ក៏ដូចជាការចូលរួមសហការពីដៃគូអភិវឌ្ឍន៍នានា ឱ្យបានច្រើនថែមមួយកម្រិតទៀត៕

អត្ថបទដែលជាប់ទាក់ទង