អង្គការCPLនៅសហរដ្ឋអាមេរិកផ្តល់អំណោយមនុស្សធម៌ជាបរិក្ខាពេទ្យជាង៣០០កញ្ចប់រួមនិងការសន្យាជួយជ្រោមជ្រែងសហគមន៍ក្រីក្របន្ថែមទៀត
ភ្នំពេញ៖ អង្គការ CPL នៅសហរដ្ឋអាមេរិកបានផ្តល់អំណោយមនុស្សធម៌ជាបរិក្ខាពេទ្យដល់រដ្ឋបាលរាជាធានីភ្នំពេញចំនូន៣១៩កញ្ចប់ និងការសន្យាជួយជ្រោមជ្រែងសហគមន៍ក្រីក្របន្ថែមទៀត ។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៥កញ្ញានេះ ដោយមានការចូលរួមពីលោកហួត ហៃ អភិបាលរងតំណាងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ មន្ទីរសុខាភិបាលព្រមទាំងអាជ្ញាធរខណ្ឌព្រែកព្នៅ ប្រជាពលរដ្ឋក្នុងសហគមន៍អណ្តូង ស្ថិតក្នុងសង្កាត់គោករការខណ្ឌព្រែកព្នៅ។
អភិបាលរងរាជធានីភ្នំពេញ លោកហួត ហៃ ក្នុងឱកាសនោះបានថ្លែងអំណរគុណចំពោះការផ្តល់អំណោយមនុស្សធម៌នេះចំពោះអង្គការ CPLដែលកន្លងមកបានជួយដល់សហគមន៍ភូមិអណ្តូងហើយបានធ្វើការអភិវឌ្ឍន៍ជាដៃគូសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញព្រមទាំងបន្តជួយប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ថែមទៀត។
អំណោយដែលប្រគល់ក្នុងឧិកាសនោះមាន សម្ភារៈបន្ទប់ពិសោធន៍ បំពង់បង្ហូរទឹកម៉ាស៊ីនបូមទឹកដោះ ឧបករណ៍សំរាប់ព្យាបាលស្ត្រី គ្រែសង្គ្រោះបន្ទាន់ គ្រែសំរាប់អ្នកជំងឺ ឧបករណ៍សំរាប់វាស់បេះដូង ព្រមបរិក្ខាដទៃទៀតរួមនិងឧបករណ៍សំរាប់ប្រើប្រាស់ទូទៅក្នុងនោះមាន ទូរការិយាល័យសំរាប់ដាក់ឯកសារ ឧបករណ៍សំរាប់វះកាត់ រទេះកៅអីសំរាប់កុមារនិងកៅអីរុញសំរាប់ជនពិការ។
លោកតំណាងអោយប្រធានអង្គការ CPL បានកោតសសើរដល់រដ្ឋបាលរាជធានីដែលបានធ្វើការអភិវឌ្ឍរាជធានីភ្នំពេញអោយមានការអភិវឌ្ឍយ៉ាងឆាប់រហ័សពិសេសប្រទេសកម្ពុជាដ៏ស្រស់ស្អាតនិងមានសុខសន្តិភាព។ ម្យ៉ាងទៀតប្រជាពលរដ្ឋកម្ពុជា មានភាពរាក់ទាក់ដែលធ្វើអោយលោកមានការចាប់អារម្មណ៍ចំពោះប្រទេសកម្ពុជាហើយលោកនិងបន្តសហការជាមួយសាលារាជធានីដើម្បីធ្វើការរួមគ្នាជួយដល់សហគមន៍ក្រីក្រថែមទៀត៕