ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​មីន​ ដឹក​នាំ​ម្ចាស់​ជំនួយ​ ចុះ​ពិនិត្យ​លទ្ធផល​បោស​សម្អាត​មីន​ និង​ជួប​សំណេះសំណាល​ ជាមួយ​ប្រជាពលរដ្ឋ​ ជា​អ្នក​ទទួល​ផល​

207

ខេត្តបាត់ដំបង៖ ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ ក្នុង​នាម​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​អាជ្ញាធរ​មីន​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ លី​ ធុជ​ អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន​ បាន​ដឹក​នាំ​ម្ចាស់​ជំនួយ​ចុះ​ពិនិត្យ​លទ្ធផល​បោស​សម្អាត​មីន​ និង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជា​អ្នក​ទទួល​ផល​ នៅ​ភូមិ​គោក​រកា​ ឃុំ​ដូនបា​ ស្រុក​គាស់ក្រឡ​ ខេត្ត​បាត់ដំបង​ ក្រោម​ជំនួយ​មនុស្ស​ធម៌​នៃ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​ ដំណាក់កាល​ទី​៤​ ។

ដំណើរ​ទស្សនកិច្ច​នេះ​ មាន​ការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន ឯកឧត្តម សុខ​ លូ​ អភិបាល​នៃ​គណ:​អភិបាល​ខេត្ត​បាត់ដំបង​ លោកស្រី​ Sonali Dayaratne តំណាង​ UNDP​ ប្រចាំ​នៅ​កម្ពុជា​ លោក​ Andreas Zurbrugg​ តំណាង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ ឯកឧត្តម​ ហេង​ រតនា​ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ និង​ថ្នាក់​ដឹកនាំ​អាជ្ញាធរ​មីន​ ជា​ច្រើន​រូប។

ក្នុង​ឱកាស​នោះ​ ក្នុង​នាម​រាជ​រដ្ឋាភិបាល​កម្ពុជា​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធានទី១ អាជ្ញាធរមីន បាន​ថ្លែងអំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល​ និង​ប្រជាជន​នៃ​ប្រទេស​អូស្ត្រាលី​ សាធារណរដ្ឋ​កូរ៉េ​ ណូវែលហ្សឺឡង់​​ និង​អង្គការ​ UNDP ដែល​បាន​​ចូលរួម​​គាំទ្រ​ដល់​ការងារ​សកម្មភាព​មីន​មនុស្ស​ធម៌នៅ​កម្ពុជា​​ តាមរយៈ​ការ​អនុវត្ត​គម្រោង​បោស​សម្អាត​មីន​ដេីម្បី​លទ្ធផល​ ដេីម្បី​ចូលរួម​លេីក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ ការ​ជួយ​សង្រ្គោះ​ជីវិត​ប្រជាជន​ និង​ផ្តល់​ដី​មាន​សុវត្ថិភាព​​។

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឲ្យដឹងថា ការបំបាត់មីនលើពិភពលោក ជាអាទិភាពសកលសម្រាប់អូស្ត្រាលី។ ចាប់តាំងពីឆ្នាំ២០០៦មក អូស្ត្រាលីបានគាំទ្រដល់គម្រោងបោសសម្អាតមីន របស់អាជ្ញាធរមីនកម្ពុជា ។ គម្រោងនេះបានឈូសឆាយ និងបញ្ចេញដីបានទំហំ ២៧៥ គីឡូម៉ែត្រការ៉េរួចហើយ ដែលផ្តល់ប្រយោជន៍ដល់ប្រជាជនបានជាងមួយលាននាក់។ ការងារជាច្រើននៅតែត្រូវធ្វើ ហើយបាត់ដំបងជាខេត្តមួយក្នុងចំណោមខេត្តមានមីនច្រើនបំផុត ក្នុងប្រទេសកម្ពុជា។

ឯកអគ្គរាជទូតរង Andreas Zurbrugg បានទៅទស្សនាភូមិគោករកា ក្នុងខេត្តបាត់ដំបង ដែលជាភូមិមួយក្នុងចំណោមភូមិដែលមានគ្រាប់មីនច្រើនបំផុតក្នុងប្រទេសកម្ពុជា និងជាទីតាំងនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក្នុងប្រវត្តិសាស្ត្រកម្ពុជា។ សូមអរគុណចំពោះការគាំទ្រពីអូស្ត្រាលី អាជ្ញាធរមីន – Cambodian Mine Action Authority និង UNDP Cambodia ភូមិនេះនឹងគ្មានមីននៅសល់ទេនៅចុងឆ្នាំក្រោយនេះ! អ្នកភូមិទន្ទឹងរង់ចាំដាំ ដំឡូងមី ស្រូវ ល្ង ពោត សណ្ដែកដី នៅលើដីដែលទើបដោះមីនរួចនេះ៕

អត្ថបទដែលជាប់ទាក់ទង