ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា៖ យើងនិងប្ដេជ្ញា រួមគ្នា បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល

352

កំពង់ស្ពឺ៖ ដេីម្បីឈានឆ្ពោះទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ ក្រោមប្រធានបទ បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ បានអញ្ជេីញចុះសួរសុខទុក្ខ និងចែកអំណោយដល់កុមារកំព្រា -កុមារផ្ទុកមេរោគអេដស៍ចំនួន១២២នាក់ និងបុគ្គលិកចំនួន ៣៣ នាក់ នៃអង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា ដដែលស្ថិតនៅភូមិសុបិន្ត ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកស្រី ពុំ ចន្ទីនី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លេីយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃផែនការ សកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដេីម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីនឹករលឹក និងមនោសញ្ចេត នាអាណិតស្រឡាញ់ចំពោះក្មួយៗចៅៗទាំងអស់ ជាពិសេសពាំនាំនូវការកោតសរសេីរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ចន តាកឺ ម្ចាស់មូលនិធិ និងជាទីប្រឹក្សារបស់អង្គការ ក៏ដូចជាអ្នកស្ម័គ្រចិត្តបរទេស និងបុគ្គលិកទាំងអស់ ដែលបានយកអស់ កម្លាំងកាយចិត្តជួយចិញ្ចឹមបីបាច់ ផ្តល់ក្តីសង្ឃឹម ភាពកក់ក្តៅ និងការអប់រំដល់កុមារទាំងអស់ ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់មានយុវជនជាច្រេីនបានសិក្សាចប់ថ្នាក់មហាវិទ្យាល័យ និងជំនាញផ្សេងៗ មានសមត្ថភាពរកការងារធ្វេីសមរម្យ អាចចិញ្ចឹមជីវិតបានដោយសេចក្តីថ្លៃថ្នូរ ស្មេីមុខស្មេីមាត់នៅក្នុងសង្គម។

លោកស្រី បានផ្តាំផ្ញេីដល់ក្មួយៗចៅៗទាំងអស់ ត្រូវចេះស្រឡាញ់ សាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ហេីយត្រូវខិតខំសិក្សារៀនសូត្រ ឱ្យបានពូកែ ជាពិសេស ត្រូវរស់នៅមានអនាម័យ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន ៣ការពារ និង៣កុំដេីម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។ ជាកិច្ចឆ្លេីយតប លោក ចន តាកឺ តំណាងឱ្យអង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា និងជំនួស មុខឱ្យកុមារ-បុគ្គលិកទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់ឱ្យសហការីចុះសួរសុខទុក្ខ និងនាំយកអំណោយជាច្រេីនមកផ្តល់ជូននាពេលនេះ។

ជាមួយគ្នានេះ លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ឱសថប្រឆាំងមេរោគអេដស៍ ដល់កុមាររងគ្រោះទាំងអស់ ដែលអាចធ្វេីឱ្យកុមារអាចរស់នៅបានដោយសុខភាពល្អដូចមនុស្សធម្មតា និងជាទំពាំងស្នងឬស្សីនាពេលអនាគត។
លោក ចន តាកឺ បានថ្លែងដោយមោទនភាពថា គ្មានកុមារណាម្នាក់ គ្មានបុគ្គលិកណាម្នាក់ នៃអង្គការ ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩នោះឡេីយ។ កុមារនិងបុគ្គលិកទាំងអស់សុទ្ធតែបានចាក់វ៉ាក់សាំងកូវីដ-១៩ ។

ប្រទេសកម្ពុជា គឺជាប្រទេសដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជនបានច្រេីនជាងគេបំផុត ដែលមិនមែនជារឿងចៃដន្យឡេីយ ដែលនេះបានបង្ហាញពីមគ្គុទេសក៍ដឹកនាំដ៏ឆ្នេីម និងផែនការយុទ្ធសាស្ត្រ ច្បាស់លាស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថា៖ អំណោយផ្តល់ជូនអង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា រួមមាន ៖ អង្ករ ២តោន, មី ៣០កេស , ត្រីខ ៥កេស, ទឹកត្រី ១០យួរ , ទឹកស៊ីអ៉ីវ ១០យួរ , អំបិល ២០០គីឡូក្រាម ,ប្រេងឆា ២កេស, ទឹកភេសជ្ជៈ ២០កេស, ទឹកបរិសុទ្ធ ២០កេស, កន្ត្រៃកាត់ក្រចក ៥កំប៉ុង, តំបៀត ៥កំប៉ុង , ច្រាស់ដុសធ្មេញ ២កេស, ម៉ាស់ ២កេស, ជែល ៥កេស , សម្ភារអប់រំផ្សព្វផ្សាយស្តីពីជំងឺកូវីដ-១៩ និងថវិកាចំនួន ៥លានរៀល ។ ដោយឡែកផ្តល់ជូន បុគ្គលិកចំនួន៣៣នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល ៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង