ស្គាល់គ្នាតាមហ្វេសបុក រួចលួងលោមរួមភេទបានសម្រេច ហើយប្រើល្បិចដោះដៃនិងស៊ីដាច់ម៉ូតូជនរងគ្រោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងល្បាតខណ្ឌដង្កោ ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីប្រើល្បិចជ្រុះមួកឲ្យនារីជាកម្មការិនីម្នាក់ចុះរើស រួចជិះម៉ូតូរបស់នាងរត់គេចខ្លួន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទី ត្រង់ចំណុចផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ខែម រតនា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាកនៅផ្ទះជួល ភូមិព្រៃព្រីង សង្កាត់ចោចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជនសង្ស័យគ្មានសារធាតុញៀន) ។
វត្ថុតាងចាប់យក ៖ ១/ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខស្វាយរៀង 1R-1484 លេខតួនិងលេខម៉ាស៊ីន៦០១០៣០៥ ចំនួន១គ្រឿង , ២/កាបូបស្ពាយពណ៌សូកូឡា ចំនួន០១, ៣/កាបូបតូច ពណ៌សូកូឡាចំនួន១។
ជនរងគ្រោះឈ្មោះ ប ច ធ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវវេងស្រេង ស្ថិតនៅភូមិ…. សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមរបាយការណ៍បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨និង០០នាទី ជនរងគ្រោះឈ្មោះ ប ច ធ ភេទស្រី អាយុ២២ឆ្នាំ បានលេងហ្វេសបុក ឈ្មោះ Chan To Love នៅក្នុងផ្ទះជួលផ្លូវវេងស្រេង ស្ថិតនៅភូមិ….. សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏បានឃើញហ្វេសបុកឈ្មោះ ជាងជួសជុលទូរស័ព្ទគ្រប់ប្រភេទ ដែលជារបស់ជនសង្ស័យឈ្មោះ ខែម រតនា ភេទប្រុស អាយុ៣៥ឆ្នាំ ហើយជនរងគ្រោះ ក៏បានឆាតទៅសួរជនសង្ស័យ ដើម្បីរកទិញទូរស័ព្ទបង់រំលោះចំនួន១គ្រឿង រួចជនសង្ស័យបានឆាតតបមកជនរងគ្រោះប្រាប់ថា រូបគេ(ជនសង្ស័យ) ស្រលាញ់ពេញចិត្តជនរងគ្រោះខ្លាំងណាស់ ដូចនេះមិនបាច់បង់រំលោះទេ រូបគេ(ជនសង្ស័យ) និងអោយទូរស័ព្ទមួយគ្រឿងទៅជនរងគ្រោះយកប្រើចោះ ។
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី ជនសង្ស័យបានឆាតសុំណាត់ជួបជនរងគ្រោះនៅផ្ទះជួល រួចជនស្ស័យក៏បានបើកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AR-8526 មកដឹកជនរងគ្រោះពីផ្ទះជួលទៅដើរលេងនៅខាងក្រោយសណ្ឋាគារសុខា ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីនិយាយលួងលោមជនរងគ្រោះថា រូបគេ (ជនសង្ស័យ) ស្រលាញ់ជនរងគ្រោះយកធ្វើជាប្រពន្ធពិតប្រាកដ។ រហូតដល់វេលាម៉ោង២២ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យក៏បានដឹកជនរងគ្រោះមកដេកផ្ទះសំណាក់យីហោឈ្មោះ មេដៃមាស ម្តុំផ្សារស៊ិនជូរីផ្លាស្សា ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនសង្ស័យដេកជាមួយជនរងគ្រោះដល់ភ្លឺរួមភេទបានសម្រេចចំនួន២លើក ហើយក៏ដឹកជនរងគ្រោះមកផ្ទះជួលនៅផ្លូវវេងស្រេង ស្ថិតនៅភូមិខាងលើវិញ ។
លុះដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨និង០០នាទី ជនសង្ស័យបានទូរស័ព្ទមកលេខជនរងគ្រោះ ០៨៨៥១៧៣៨១៧ ប្រាប់ជនរងគ្រោះអោយបើកម៉ូតូទៅយករូបគេ(ជនសង្ស័យ) ម្តុំខាងកើតស្ពានអាកាសរង្វង់មូលចោមចៅ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយជនរងគ្រោះក៏បានបើកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ស្លាកលេខ ស្វាយរៀង 1R-1484 លេខតួនិងលេខម៉ាស៊ីន៦០១០៣០៥ ពេលជនរងគ្រោះទៅដល់ជនសង្ស័យអោយជនរងគ្រោះអង្គុយពីខាងក្រោយ ជនសង្ស័យជាអ្នកបើម៉ូតូម្តង។ ពេលនោះជនសង្ស័យក៏បានឌុបជនរងគ្រោះទៅលេងសួនច្បារតាមមាត់ទន្លេ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ រហូតដល់វេលាម៉ោង២១ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យក៏បានដឹកជនរងគ្រោះត្រឡប់មកវិញ ដែលបានប្រាប់ថា នាំជនរងគ្រោះយកទៅជួបជាមួយនិងឪពុកម្តាយរបស់គេ(ជនសង្ស័យ) រួចក៏បានដឹកជនរងគ្រោះដល់ផ្លូវបេតុង៦០ម៉ែត្រពីកើតទៅលិច ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃើញមានសភាពស្ងាត់ជនសង្ស័យធ្វើជាធ្លាក់មួកសុវត្ថិភាពហើយប្រាប់ជនរងគ្រោះឲ្យចុះទៅរើស ពេលជនរងគ្រោះដើរទៅរើសមួកជនសង្ស័យក៏បានបើកម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់។ បន្ទាប់មកជនរងគ្រោះក៏បានស្រែកឆោរឡោហើយកម្លាំងសមត្ថកិច្ច ដែលកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតនោះក៏បានជួយអន្តរាគមន៍ដេញតាមពីក្រោយនិងស្រែកតាមវិទ្យុទាក់ទងឲ្យគោលដៅខាងមុខជួយស្ទាក់ចាប់ជនសង្ស័យបើករត់រហូតដល់ចំណុចសាលាបឋមសិក្សាទៀន ស្ថិតនៅសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ មានចំងាយពីកន្លែងកើតហេតុប្រវែង៣០០០ម៉ែត្រ ទើបឃាត់ខ្លួនជនសង្ស័យបានរួម និងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់។ ជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕