ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ៊ុនម៉ានី៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើដំណើរមកយ៉ាងវែងឆ្ងាយ ហើយក៏សម្រេចបាននូវ សមិទ្ធិផលជាច្រើនសម្រាប់ជាតិមាតុភូមិ

43

ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើដំណើរមកយ៉ាងវែងឆ្ងាយ ហើយក៏សម្រេចបាននូវសមិទ្ធិផលជាច្រើនសម្រាប់ជាតិមាតុភូមិ។ នេះជាការថ្លែង របស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ទីទាល់ក្រ និងកុមារកំព្រា នៅមណ្ឌលកុមារកំព្រាកំពង់ស្ពឺ ។

លោក ហ៊ុន ម៉ានី បានបន្តថា, ក្នុងរយៈ ពេល ៩ ឆ្នាំចុងក្រោយ សហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើនការទទួលស្គាល់យ៉ាងទូលំទូលាយនូវកិត្តិនាមរបស់ខ្លួន ទាំងក្នុង និងក្រៅប្រទេស និងមានការទទួលស្គាល់ពីសំណាក់ថ្នាក់ដឹកនាំ សាធារណៈជន ជាពិសេសយុវជន តាមរយៈសកម្មភាពរបស់ខ្លួន។ ការចូលរួមរបស់សមាជិក សមាជិក ក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេស បានធ្វើអោយ ស.ស.យ.ក. ក្លាយជានិមិត្តរូបនៃវេទិកាជំរុញមោទកភាពជាតិ។

លោកថ្លែងថា, ផើ្តមចេញពីកិច្ចការងារសម្រាប់យុវជន ស.ស.យ.ក. បានក្លាយជាវេទិកាមួយដែលផ្តល់ឱកាសដល់យុវជនគ្រប់រូបដែលមានចិត្ត និងគោលបំណងដូចគ្នាក្នុងការផ្តល់ក្តីស្រលាញ់ លះបង់ពេលវេលា ធនធានផ្ទាល់ខ្លួន ដើម្បីសង្គមជាតិ និងប្រជាជន។

លោក ហ៊ុនម៉ានី បានលើកឡើងថា, អនាគតរបស់សង្គមជាតិ និងសុភមង្គលរបស់ប្រជាជន គឺមានសារៈសំខាន់បំផុត ដែលមិនអាចបណ្តោយ ទៅតាមយថាហេតុ ឬឲ្យមានភាពចៃដន្យណាមួយកើតឡើងធ្វើឲ្យប៉ះពាល់នោះទេ។ ប្រាកដណាស់ ពេលនេះជាពេលដែលកម្ពុជារីករាយនឹងសន្តិភាពស្ថិរភាព, វាក៏ជាពេលដែលយុវជនកម្ពុជាត្រូវតែគិតបន្ថែមទៀតអំពីតួនាទី ទំនួលខុសត្រូវ និងការចូលរួមចំណែករបស់ខ្លួនដើម្បីសង្គមជាតិ និងប្រជាជន។ ពីនេះទៅមុខយើងប្តេជ្ញាបន្តកាន់ដៃគ្នាដើរលើវិថីនៃសន្តិភាព និងការអភិវឌ្ឍ សង្គមជាតិ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង