វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ម៉ូដឺណា ជិត២០ម៉ឺនដូស ដែលជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ ដឹកមកដល់កម្ពុជាហើយ
(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ម៉ូដឺណា (Moderna) ផលិតនៅសហរដ្ឋអាមេរិក សរុបប្រមាណ១៨៨,១៦០ដូស ដែលជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នោះ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាហើយនាព្រលប់ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្ដាញព័ត៌មានថា វ៉ាក់សាំងខាងលើនេះជាវ៉ាក់សាំងផលិតនៅសហរដ្ឋអាមេរិក។
មជ្ឈមណ្ឌលកូវ៉ាក់ គឺជាយន្តការអន្តរជាតិមួយ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គការសុខភាពពិភពលោក និងអង្គការអភិវឌ្ឍន៍អន្តរជាតិនានា ដើម្បីស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រទេសក្រីក្រ និងប្រទេសអភិវឌ្ឍន៍តិចតួច។
ប្រទេសកម្ពុជាក៏ជាប្រទេសមួយដែលត្រូវបានមជ្ឈមណ្ឌលកូវ៉ាក់កំណត់ជាប្រទេសត្រូវផ្តល់នូវជំនួយវ៉ាក់សាំង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។ មជ្ឈមណ្ឌលកូវ៉ាក់បានកំណត់ ផ្តល់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ប្រមាណ៦.៦លានដូសមកដល់ប្រទេសកម្ពុជាក្នុងជំហានដំបូង។ មកដល់ពេលនេះវ៉ាក់សាំង ប្រមាណជិត៣លានដូសហើយ ដែលកូវ៉ាក់បានបញ្ជូនមកដល់ប្រទេសប្រទេសកម្ពុជា។
ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្ត្រចម្បងមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ មកដល់ពេលបច្ចុប្បន្ននេះកម្ពុជា រកបានវ៉ាក់សាំងសរុបជាង៤០លានដូស ក្នុងនោះជាង៣០លានដូសជាវ៉ាក់សាំង ដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន៕