ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានភាពបើកកិច្ចប្រជុំសភាលើកដំបូងនិងស្បថមានលក្ខណៈល្អប្រសើរ តែសន្តិសុខសណ្តាប់ធ្នាប់រៀបចំមិនតឹងរឹងដូចឆ្នាំ២០១៣នោះទេ

140

ភ្នំពេញ៖ ស្ថានភាពបើកសម័យប្រជុំរដ្ឋសភា ជាលើកដំបូងនៅក្នុងនីតិកាលទី០៦ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រព្រឹត្តិទៅដោយមានលក្ខណៈល្អប្រសើរ តែសន្តិសុខសណ្តាប់ធ្នាប់ត្រូវបានរៀបចំយ៉ាងល្អផងដែរទាំងនៅខាងក្នុង និងនៅខាងក្រៅរដ្ឋសភា។
ដោយឡែកនៅបរិវេណជុំវិញរដ្ឋសភាវិញ គេសង្កេតឃើញថា មិនមានភាពតានតឹងអ្វីដូចឆ្នាំ២០១៣នោះឡើយ។ អ្នកព័ត៌មានជាតិ និងអន្តរជាតិជាច្រើន បានចូលរួមយកព័ត៌មានអំពីកិច្ចប្រជុំដ៏មានសារសំខាន់មួយនេះ។
គួរបញ្ជាក់ថា៖ បន្ទាប់ពីការទន្ទឹងរង់ចាំអស់រយៈពេលជាង១ខែក្រោយពេលបោះឆ្នោតនោះ រដ្ឋសភានីតិកាលថ្មី លេចចេញជារូបរាងនៅព្រឹកថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះហើយ ហើយក៏ជាថ្ងៃនឹងបានឃើញវត្តមានតំណាងរាស្ត្រទាំង១២៥រូបមកពីគណបក្សប្រជាជនកម្ពុជា ដែលនឹងធ្វើការបម្រើប្រជាពលរដ្ឋជាម្ចាស់ឆ្នោតក្នុងអាណត្តិទី៦ រយៈពេល៥ឆ្នាំផងដែរ។ការបើកសម័យប្រជុំលើកដំបូងនីតិកាលថ្មីនៃរដ្ឋសភានៅថ្ងៃទី៥ ខែកញ្ញានេះ ធ្វើឡើងក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ក្រៅពីសមាសភាពតំណាងរាស្ត្រទាំង១២៥រូប ការបើកសម័យប្រជុំលើកដំបូងនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបណ្តាប្រទេសនានាប្រចាំនៅកម្ពុជាផងដែរ។ពិធីបើកសម័យប្រជុំដំបូងរួចរាល់ ពិធីបើកសម័យប្រជុំលើកទី១ នឹងចាប់ផ្តើមការងាររបស់ខ្លួនក្រោមអធិបតីភាពលោក ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានីតិកាលទី៦។
នៅរសៀលតំណាងរាស្ត្រទាំង១២៥រូប នឹងចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើពិធីសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រមហាក្សត្រខ្មែរមុននឹងចាប់ផ្តើមបំពេញការងាររបស់ខ្លួន។ដោយឡែកសម្រាប់ថ្ងៃបន្ទាប់វិញ ពោលគឺថ្ងៃទី៦ ខែកញ្ញា រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភារួមមាន ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាធិការជំនាញនៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលអាណត្តិថ្មីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង