ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សចាស់និងជនចាស់ជរា ៥៥នាក់ក្នុងសមាគមមនុស្សចាស់ ខណ្ឌពោសែនជ័យ បានទទួលបានភាពកក់ក្តៅនិង ការលើកទឹកចិត្ត ក្នុងទិវាមនុស្សចាស់នៅកម្ពុជា

492

 

ភ្នំពេញ៖ មនុស្សចាស់និងជនចាស់ជរាចំនួន៥៥នាក់ នៅក្នុងសមាគមមនុស្សចាស់ខណ្ឌពោធិ៍សែនជ័យ បានទទួលភាពកក់ក្តៅនិងការលើកទឹកចិត្ត ពីសំណាក់ថ្នាក់ដឹកនាំមូលដ្ឋាន នឹងអ្នកពាក់ព័ន្ធ សំដៅលើកកម្ពស់សុខុមាលភាព របស់មនុស្សវ័យចាស់ តាមរយៈសកម្មភាពរួម ដែលផ្តល់ផលប្រយោជន៍ដល់ពួកគាត់ផ្ទាល់ និងសហគមន៍របស់ពួកគាត់។

ក្នុងឱកាសនោះលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ បានមានប្រសាសន៍លើកឡើងនៅក្នុងពិធីសំណេះសំណាល និងផ្តល់អំណោយជាការលើកទឹកចិត្ត និងចូលរួមចែករំលែកសេចក្តីគោរពស្រលាញ់ចំពោះមនុស្សចាស់ នៅក្នុងសមាគមមនុស្សចាស់ប្រចាំខណ្ឌនារសៀលថ្ងៃទី២៩ខែវិច្ឆិកានេះថា ការលើកកម្ពស់សេចក្ដីថ្លៃថ្នូរ និងគុណភាពជីវិតរបស់មនុស្សវ័យចាស់ គឺបានស្ថិតនៅជានិច្ចក្នុងដួងចិត្តថ្នាក់ដឹកនាំគ្រប់ស្រទាប់។

ជារៀងរាល់ឆ្នាំយើងបានធ្វើកម្មវិធីនានាបង្ហាញនូវសេចក្តីស្រលាញ់នឹងការគោរពចំពោះមនុស្សវ័យចំណាស់ ជាពិសេសបានរឹតបន្តឹងចំណងប្រាស្រ័យទាក់ទងជាមួយមនុស្សវ័យចាស់នៅក្នុងសមាគមមនុស្សចាស់ប្រចាំខណ្ឌនិងក្រៅសមាគម មិនដែលទ្វេសប្រហេលឡើយ។

លោកសុំឱ្យជនចាស់ជរានៅទីនេះទាំងអស់ បន្តយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ជាពិសេស បន្តការពារខ្លួនពីជំងឺកូវីដ១៩ តាមរយៈការអនុវត្តនូវវិធាននានារបស់ក្រសួងសុខាភិបាល និង អនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល ព្រោះថា ជំងឺនេះនៅតែជាហានិភ័យ សម្រាប់យើងគ្រប់គ្នានៅឡើយ។

សូមបជម្រាបថា មនុស្សវ័យចំណាស់នៅក្នុងសមាគមមនុស្សចាស់ខណ្ឌពោធិសែនជ័យចំនួន៥៥នាក់ ក្នុងម្នាក់ៗទទួលបាននូវអំណោយពី លោកអភិបាលខណ្ឌ និង មន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជននូវថវិកាចំនួន៨ម៉ឺនរៀល អង្ករ ត្រីខ ទឹកដោះគោ មី ក្រមានិងមាស់ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង