ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

និយ័តករមូលបត្រកម្ពុជា និង ADB រួមគ្នាលើកកម្ពស់ការយល់ដឹង ពីដំណើរការនៃបោះផ្សាយសញ្ញាបណ្ណបៃតង

82

ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា ដោយមានកិច្ចសហការជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈគម្រោងគំនិតផ្ដួចផ្ដើមទីផ្សារសញ្ញាបណ្ណអាស៊ាន (ABMI) ដោយមានការគាំទ្រពីមូលនិធិសម្រួលការវិនិយោគលើអាកាសធាតុរបស់រដ្ឋាភិបាលជប៉ុន និងមូលនិធិកាត់បន្ថយភាពក្រីក្រ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់របស់សាធារណរដ្ឋប្រជាមានិតចិន បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្ដីពី «ការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណនិរន្តរភាព នៅអាស៊ីបូព៌ាដែលកំពុងងើបឡើង»

សិក្ខាសាលានេះធ្វើឡើងនារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងបណ្ឌិត Shu Tian សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី និងលោក Kosintr Puongsophol អ្នកជំនាញការវិស័យហិរញ្ញវត្ថុជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីហិរញ្ញវត្ថុនិរន្តរភាព ក៏ដូចជាកសាងសមត្ថភាពដល់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ ក្រុមហ៊ុនផ្តល់ប្រឹក្សាហិរញ្ញវត្ថុ ក្រុមហ៊ុនធានាទិញមូលបត្រ និងអ្នកចូលរួមផ្សេងទៀតនៅក្នុងទីផ្សារ និងដើម្បីពន្យល់ពីដំណើរការនៃបោះផ្សាយសញ្ញាបណ្ណបៃតង។ (សញ្ញាបណ្ណបៃតង សំដៅលើសញ្ញាបណ្ណដែលបោះផ្សាយដោយក្រុមហ៊ុនណាមួយ ដែលប្រមូលយកប្រភពទុននោះទៅវិនិយោគ លើអាជីវកម្មដែលជួយដល់បរិស្ថាន មិនបំផ្លាញបរិស្ថាន)។

កម្មវិធីសិក្ខសាលានេះ ត្រូវបានរៀបចំឡើងដោយចែកចេញជា ៣ វគ្គ រួមមាន៖ វគ្គទី១) ការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាព ដោយផ្តោតសំខាន់លើករណីសិក្សានៃការបោះផ្សាយសញ្ញាបណ្ណបៃតង វគ្គទី២) វិញ្ញាបនបត្របញ្ជាក់សញ្ញាបណ្ណបៃតង និងការពិនិត្យ និងវាយតម្លៃសញ្ញាបណ្ណបៃតងដោយអ្នកវាយតម្លៃឯករាជ្យ និងវគ្គទី៣) កិច្ចពិភាក្សាដោយផ្តោតទៅលើប្រព័ន្ធអេកូឡូស៊ី បទប្បញ្ញត្តិ និងការអនុវត្តពាក់ព័ន្ធនឹងគោលនយោបាយសម្រាប់ការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណនិរន្តរភាព។

នៅក្នុងកម្មវិធីនេះផងដែរ ដោយទទួលបាននូវការអនុម័តពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាននៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សៀវភៅគោលការណ៍ណែនាំស្តីពីការបោះផ្សាយសញ្ញាបណ្ណបៃតងសម្រាប់កម្ពុជា ក៏ត្រូវបានធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ (សូមចូលក្នុងតំណភ្ជាប់ ដើម្បីទទួលបាននូវសៀវភៅគោលការណ៍ណែនាំនេះ https://www.serc.gov.kh/khmer/m24.php?pn=3&no=30)។ សៀវភៅគោលការណ៍ណែនាំនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាង និយ័តករមូលបត្រកម្ពុជា និង ADB ដោយទទួលបាននូវជំនួយបច្ចេកទេសពី ABMI។

សិក្ខាសាលាមានអ្នកចូលរួមសរុបចំនួន១២៦រូប ដែលក្នុងនោះមានសមាសភាពចូលរួមមកពី និយ័តករមូលបត្រកម្ពុជា និយ័តករក្រោមឱវាទនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ធនាគារជាតិនៃកម្ពុជា ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ក្រុមហ៊ុនធានាទិញមូលបត្រ ក្រុមហ៊ុនផ្ដល់ប្រឹក្សាហិរញ្ញវត្ថុ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ក្រុមហ៊ុនធានារ៉ាប់រង ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីវាគ្មិនជាមន្ត្រីជាន់ខ្ពស់មកពីធនាគារអភិវឌ្ឍន៍អាស៊ី ក្រុមហ៊ុនសាជីវកម្មថាមពល AC នៃប្រទេសហ្វីលីពីន ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម Nomura និងក្រុមហ៊ុន RAM Sustainability Sdn Bhd ដែលមានបទពិសោធន៍យូរឆ្នាំពាក់ព័ន្ធនឹងវិស័យនេះ៕

អត្ថបទដែលជាប់ទាក់ទង