ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកតំណាងរាស្រ្តចំនួន ១២៥រូប​ នៃ​រដ្ឋ​សភា​នីតិកាល​ទី​៦​ សច្ចាប្រណិធាន និងផឹកទឹកសម្បថ

93

ភ្នំពេញ៖ នាវេលា​រសៀល​ថ្ងៃ​ពុធ​ ទី៥ ខែកញ្ញា ឆ្នាំ២០១៨​ តំណាងរាស្ត្រទាំង ១២៥រូប បានចូលទៅកាន់ព្រះបរមរាជវាំង ធ្វើពិធីសច្ចាប្រណិធាន និងផឹកទឹកសម្បថ នៅចំពោះព្រះភក្ត្រមហាក្សត្រ រួចរាល់ហើយ មុននឹងចាប់ផ្តើមបំពេញការងាររបស់ខ្លួន។
ដោយឡែកសម្រាប់ថ្ងៃទី៦ ខែកញ្ញា រដ្ឋសភាធ្វើការបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភារួមមាន៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាធិការជំនាញនៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលអាណត្តិថ្មីផងដែរ។

បើតាមផេករបស់ព្រះបរមរាជវាំង បានបញ្ជាក់ថា “ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ សព្វ​ព្រះ​រាជ​ហឫទ័យ​ស្ដេច​យាង​ជា​ព្រះ​រាជា​ធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​ នៃពិធីសច្ចាប្រណិធានរបស់អ្នកតំណាងរាស្រ្តចំនួន ១២៥រូប​ នៃ​រដ្ឋ​សភា​នីតិកាល​ទី​៦​ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង “។

ពាក្យពេចន៍សច្ចាប្រណិធានទាំងស្រុង ដែលអ្នកតំណាងរាស្ត្រទាំងអស់នឹងត្រូវសូត្រតាមសម្តេចព្រះសង្ឃរាជ៖ “ទូលព្រះបង្គំ យើងខ្ញុំ ប្រធាន អនុប្រធាន និង​សមាជិក​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ធ្វើ​សច្ចាប្រណិធាន នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ ព្រះភ័ក្ត្រ​នៃ​សម្តេចព្រះសង្ឃរាជ និង​ទេវតា​រក្សា​ស្វេតច្ឆត្រ​ដូចតទៅ​។ ក្នុងពេល​ប្រតិបត្តិការតាម​មុខ​តំណែង​ខ្លួន និង​ក្នុង​ការ​បំពេញបេសកកម្ម ដែល​ប្រជារាស្ត្រ​កម្ពុជា បាន​ប្រគល់​ជូន​ចំពោះ​ទូលព្រះបង្គំ​យើងខ្ញុំ​គ្រប់ៗ​រូប ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្តេជ្ញា​គោរព​រដ្ឋធម្មនុញ្ញ បម្រើ​ជា​និច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​ផលប្រយោជន៍​របស់​ប្រជារាស្ត្រ ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា​។ ទូល​ព្រះ​បង្គ​ម​យើងខ្ញុំ សូម​សច្ចា​ថា មិន​កេងប្រវ័ញ្ច​នូវ​ផលប្រយោជន៍​ជាតិ សម្រាប់​ផ្ទាល់ខ្លួន ឬ​សម្រាប់​គ្រួសារ ឬ​សម្រាប់​បក្ខពួក ឬ​សម្រាប់​ភាគី​រៀងៗ​ខ្លួន​ឡើយ​។ ​
ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្តេជ្ញា​ប្តូរផ្តាច់​ហ៊ាន​បូជា​ជីវិត ដើម្បី​ការពារ​ជានិច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត​​នូវឯករាជ្យភាព​ទាំងស្រុង​នៃ​មាតុភូមិ​កម្ពុជា អធិបតេយ្យភាព​ជាតិ​ពេញបរិបូរណ៍ បូរណភាព​ទឹកដី​ដ៏​ត្រឹមត្រូវ​តាមច្បាប់ នៅក្នុង​ព្រំដែន​ដីគោក និង​ព្រំដែន​សមុទ្រ ដែល​កម្ពុជាធ្លាប់មាន​ក្នុង​ជំនាន់​ឆ្នាំ១៩៦៣ ដល់​ឆ្នាំ​១៩៦៩ ឯកភាព​ជាតិ ហើយ​មិន​អនុញ្ញាត​ឲ្យមាន​ការបែ​ង​ចែក ឬ​ការធ្វើ​អបគមន៍​ណាមួយ​ឡើយ​។​ ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្តេជ្ញា​រក្សា​ទុក​ជា​និច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​អព្យាក្រឹតភាព និង​ភាព​មិន​ចូល​បក្សសម្ព័ន្ធ​សម្រាប់​កម្ពុជា ហើយ​មិន​អនុញ្ញាត​ជាដាច់ខាតឲ្យ​ជន​ណា​ក៏​ដោយ ដែល​ចង់​ជ្រៀតជ្រែក​ចូល​ក្នុង​ផ្ទៃក្នុង​នៃ​កម្ពុជា ឬ​មក​បង្គាប់បញ្ជា ចំពោះ​គោលនយោបាយ​ជាតិ និង​អន្តរជាតិ​របស់​កម្ពុជា​បានឡើយ​។ ទូលបង្គំ​យើងខ្ញុំ មិន​បម្រើ​ជា​ដាច់ខាត​នូវ​ផលប្រយោជន៍​បរទេស ហើយ​ធ្វើឲ្យ​ខូចខា​តដល់​ផលប្រយោជន៍រ​បស់​ប្រជារាស្ត្រ ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា​ឡើយ​។ ​ក្នុង​ការដោះស្រាយ​បញ្ហា​ទាំងឡាយ​លើ​ផ្ទៃរាប​ជាតិ និង​អន្តរជាតិ ទូលព្រះបង្គំ​យើងខ្ញុំ នឹង​បំបាត់ចោល​ទាំងស្រុង​នូវ​អំពើហឹង្សា​គ្រប់​បែបយ៉ាង​។ ​ប៉ុន្តែ​ព្រះរាជាណាចក្រ​កម្ពុជា សូម​រក្សាទុក​នូវ​សិទ្ធិ​កាន់​អាវុធ​តស៊ូប្រឆាំង​នឹង​ការរំលោភ​ឈ្លានពាន​មកពី​ក្រៅ ដើម្បី​ការពារ​ជាតិ​មាតុភូមិ​ខ្លួន​។ ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្តេជ្ញា​គោរព​ជានិច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​លទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែល​មាន​របប​សភា និង​ពហុបក្ស ព្រមទាំង​មាន​ការគោរព​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​សិទ្ធិមនុស្ស ដូច​មានចែង​ក្នុង​សេចក្តីប្រកាស​ជា​សកល​ស្តីអំពី​សិទ្ធិ​មនុស្ស​។​ ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្តេជ្ញា​តស៊ូ​ប្រឆាំង​អំពើពុករលួយ​គ្រប់បែបយ៉ាង ប្រឆាំង​អយុត្តិធម៌​សង្គម ហើយ​តស៊ូ​ដើម្បី​ផ្សះផ្សា​ជាតិ ដើម្បី​ឯកភាព​ជាតិ ដើម្បី​សន្តិភាព​សង្គម និង​សន្តិភាព​ជាតិ ដើម្បី​ភាព​សម្បូរ​សប្បាយ​នៃ​ប្រជារាស្ត្រ​កម្ពុជា និង​ដើម្បី​រក្សា​ភាពរុងរឿង​ថ្កើងថ្កាន​នៃ​មាតុភូមិ​កម្ពុជា ជាទី​គោរព​សក្ការៈ និង​ជាទី​ស្នេហា​នៃ​ទូលបង្គំ​យើងខ្ញុំ​គ្រប់រូប​”៕

អត្ថបទដែលជាប់ទាក់ទង