សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា មិនប្ដូរតៃកុងឡើយ
ភ្នំពេញ៖សាហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងជ្រើសរើសអ្នកដឹកនាំអាណត្តិថ្មីដោយ
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ដែលជាប្រធាន អាណត្តិចាស់ ២០១៧-២០២១ ទទួលបានការគាំទ្របន្តដឹកនាំជាប្រធានសាជាថ្មី តាមរយៈការផ្តល់សេចក្តីទុកចិត្តពី មហាសន្និបាតបន្ដអាណត្តិទី៧ ឆ្នាំ២០២១-២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។
សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៧ របស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា គឺមាន ១៣នាក់ រួមមានលោកសាស្ដ្រាវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ជាប្រធាន, លោក ខេស៊ី បាណេត និងលោកវេជ្ជបណ្ឌិត មាស វុឌ្ឍី ជាអនុប្រធាន។ លោក ប៊ុយ សុភ័ណ្ឌបន្តតំណែង ជាអគ្គលេខាធិការដដែល លោកពេជ្រ សូផែន និងលោក ច័ន្ទ សុទ្ធ ជាអគ្គលេខាធិការរង។ លោក សំ ពិសិដ្ឋ ជាអគ្គហេរញ្ញិក និងសមាជិក ៤នាក់ផ្សេងទៀត។
នៅចំពោះមុខសមាជិកគណៈកម្មាធិការប្រតិបត្តិ ព្រមទាំងជាកីឡាករ-កីឡាការិនីជម្រើសជាតិ លោកសាស្ដ្រាវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េនបានវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សហព័ន្ធក្នុងអាណត្តិចាស់ហើយលោកបានជំរុញ ឲ្យបន្ដការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីឆ្ពោះទៅសម្រេចគោលដៅ របស់សហព័ន្ធ ក្នុងការដណ្ដើមមេដាយជូនជាតិ នៅក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ របស់ព្រះរាជាណាចក្រកម្ពុជា ។
ដោយឡែកអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ បានលើកឡើងថា ក្នុងអាណត្តិថ្មីនេះ សហព័ន្ធបានផ្លាស់ប្ដូរ សមាជិកគណៈកម្មាធិការប្រតិបត្តិអសកម្មមួយចំនួន ដើម្បីពង្រឹងក្បាលម៉ាស៊ីនសហព័ន្ធឲ្យកាន់តែរឹងមាំ ក្នុងការដឹកនាំ និងជំរុញការអភិវឌ្ឍវិស័យកីឡាដ៏មាន សក្ដានុពលមួយនេះឲ្យកាន់តែរីកចម្រើន ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសការប្រកួតស៊ីហ្គេម ២លើកចំពោះមុខ គឺស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ៕