ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋទីទ័ល ក្រត្រេកអរពេលបានទទួល អំណោយពី កាកបាទក្រហមកម្ពុជា និងអាវរងា ក្រម៉ា ភួយ ថវិកា..!

93

 

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៣ខែធ្នូឆ្នាំ២០២១នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង និង លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង និងជាអនុប្រធានសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង ដែលអមដំណើដោយ លោកចៅសង្កាត់ ,ព្រមទាំងអស់លោក លោកស្រី មន្រ្តីសាលាខណ្ឌ,សាលាសង្កាត់ជាច្រើន រូបទៀតបានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និង នាំយកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តាមរយះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និង ចែកអាវរងា ក្រម៉ា និងភួយទៅផ្ដល់ជូនដល់ប្រជាពលរដ្ឋ ក្រីក្រចំនួន៧០នាក់ ក្នុងសមាគមន៍មនុស្សចាស់មកពីសង្កាត់ទាំង០៧ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។

នាឱកាសនេះដែរ លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង បានមានមតិលើកឡើងដោយបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារទីទ័លក្រទាំងអស់ ដោយក្តីនឹករលឹកផងដែរ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើងដោយគូសបញ្ជាក់ថា ជានិច្ចកាលកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេច តែងតែយកចិត្តទុកដាក់ខ្ពស់និងគិតគូរជានិច្ច ទៅដល់ប្រជាជនទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រា ដែលពុក ម៉ែ បង ប្អូន ប្រជាជនជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ ពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជាជាក់ស្តែងដូចជានៅពេលនេះគឺ សម្តេចទាំងទ្វេរ នឹង មិនបណ្តែតបណ្តោយ ទុកឱ្យពុកម៉ែ បង ប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀង ឬអត់អាហារនោះទេហើយសកម្មភាពការងារ មនុស្សធម៌នេះគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាឡើយ។

អំណោយមនុស្សធម៌ដែលបានចែកជូនប្រជាជនក្រីក្រទាំង៧០នាក់នាពេលនេះគឺក្នុង ម្នាក់ៗទទួលបាន៖អង្ករ២៥គីឡូក្រាម មី៥កញ្ចប់ ម៉ាស២ ត្រីខ៤កំប៉ុង ថ្នាំពេទ្យ តែ ស្ករស ទឹកដោះគោខាប់ ផ្លែឈើ អាវងា ភួយ ក្រម៉ា និង ថវិកា៥មុឺនរៀលផងដែរ។

ជាមួយគ្នានោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើងយ៉ាងក្បោះក្បាយ ក្នុងន័យគិតគូអំពីសុខទុក្ខចំពោះបងប្អូនប្រជាជនទូទៅក្នុងមូលដ្ឋាន ខណ្ឌបឹងកេងកងទាំងអស់និងបងប្អូនអាជីវករ នៅតាមទីផ្សារនានានៅខណ្ឌបឹងកេងកង ព្រមទាំងអតិថិជននៃផ្សារនិមួយៗសូមអោយ បងប្អូនបន្តចូលរួមអនុវត្តន៍ចំពោះវិធានការ របស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នា និង ជាពិសេសអ៊ំចាស់ ៗត្រូវថែទាំសុខភាពខណៈពេលនេះឈាន ចូលរដូវរងាដោយអាកាសធាតុត្រជាក់ធ្លាក់ខ្យល់ពីទិសខាងជើង និង ស្នើដល់អាណាព្យាបាលគ្រប់រូបត្រូវមើល ថែទាំកុមារតូចៗផងដែរ ដោយមិនត្រូវធ្វេសប្រហែសឡើយ៕

អត្ថបទដែលជាប់ទាក់ទង