ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារ ជូនចំពោះ (មិត្តវិស័យមីន) , យើង នឹងបញ្ចប់ការងាររបស់យើង ជាមួយគ្នា ដើម្បីឆ្ពោះ ទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥

397

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យបាន ដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជា បាន ទទួលនូវសិទ្ធិនិងសេរីភាព នៃការរស់រានមានជីវិតពេញលេញ។ ស្ថិតក្រោមគោលនយោ បាយឈ្នះ ឈ្នះ នាចុង ឆ្នាំ១៩៩៨ ព្រះរាជាណាចក្រកម្ពុជា បានទទួលនូវសុខសន្តិភាព ស្ថិរភាព និងការឯកភាពជាតិ ពាសពេញផ្ទៃប្រទេសជាមួយ នឹងការអភិវឌ្ឍលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ កម្មវិធីបោសសម្អាតមីនមនុស្សធម៌ ត្រូវបាន ចាត់ទុកជាកម្លាំងចលករមួយយ៉ាងសំខាន់ នាំមកនូវកិច្ចគាំពារ ការការពារសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ ជូនដល់ប្រជាជន និងប្រទេសជាតិ។

កម្ពុជា បានធ្វើដំណើរឆ្ពោះទៅមុខ ប្រកបដោយជោគជ័យគួរជាទីមោទន ដោយប្រជាជនកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ បានទទួលស្គាល់ អបអរសាទរ និងជួយគាំទ្រដល់វិស័យ សកម្មភាពមីន ដើម្បីឱ្យកម្ពុជារួចចាកផុតទុក្ខពីគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាបន្តបន្ទាប់។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមយកឱកាសនេះ អរគុណ និងវាយតម្លៃខ្ពស់ជូន ចំពោះដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត និងអង្គការសប្បុរសធម៌ទាំងអស់ ដែលបាននិងកំពុង ផ្តល់វិភាគទានដ៏ថ្លៃថ្លា និងមានតម្លៃ បើគិតជា
ថវិកា ឧបករណ៍សម្ភារៈ និងការកសាងសមត្ថភាព សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ព្រមទាំងបានផ្តល់ភាពជាដៃគូយ៉ាងសំខាន់ ក្នុងការចូលរួមការងារថែរក្សាសន្តិភាព ការសង្គ្រោះជីវិត ការកាត់ បន្ថយភាពក្រីក្រ និងការស្តារសេដ្ឋកិច្ច សង្គម។

ជាមួយគ្នានេះ ខ្ញុំសូមអរគុណដល់ប្រតិបត្តិការជាតិ អន្តរជាតិ ដែលបាន និងកំពុងប្រតិបត្តិការ បោស សម្អាតមីនលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពោរពេញដោយបទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់ ជាពិសេសជូន បងប្អូនអ្នកដោះមីនទាំងអស់ ដែលកំពុងបំពេញបេសកកម្មប្រកបដោយគ្រោះថ្នាក់ និងហានិភ័យខ្ពស់ ក្នុងការ រំដោះផ្ទៃដីផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងចូលរួមដល់ការអភិវឌ្ឍជាតិ។

ជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវយ៉ាង ទទូចដល់ដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត អង្គការសប្បុរសធម៌ ក៏ដូច ជាវិស័យឯកជន បន្តការជួយគាំទ្រ ផ្ដល់កិច្ចសហការ និងភាពជាដៃគូឱ្យកាន់តែខ្លាំងក្លា ជា មួយអាជ្ញាធរមីនដែល ជាសេនាធិការរបស់រាជ រដ្ឋាភិបាលលើវិស័យមីន ដើម្បីឱ្យកម្ពុជាបានរួចផុត ពីការគំរាមកំហែងដោយសារគ្រាប់មីន ត្រឹមឆ្នាំ២០២៥ ដូចការតាំងចិត្តដែល មានចែងនៅក្នុងផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន ២០១៨-២០២៥។
យើងទាំងអស់គ្នា បានចាប់ផ្តើមរួមគ្នា ហើយយើងនឹង បញ្ចប់ការងាររបស់យើង ជាមួយគ្នា ដើម្បី ឆ្ពោះទៅរកកម្ពុជា គ្មានមីនឆ្នាំ២០២៥ ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង