ធនាគារជាតិនៃកម្ពុជា រៀបចំសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពី ការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ និងការដាក់ឱ្យដំណើរការជាផ្លូវការ យុទ្ធនាការ “តោះ! និយាយពីលុយ៖ តក់ៗពេញបំពង់”
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា សហការជាមួយមូលនិធិអភិវឌ្ឍន៍មូលធនរបស់អង្គការសហប្រជាជាតិ (UNCDF) និងអង្គការ Good Return បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ និងការដាក់ឱ្យដំណើរការជាផ្លូវការ យុទ្ធនាការ “តោះ! និយាយពីលុយ៖ តក់ៗពេញបំពង់” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា។
កម្មវិធីនេះត្រូវបានរៀបចំឡើងពាក់កណ្តាលអនឡាញ ដោយមានការរៀបចំដោយផ្ទាល់ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដែលមានការអញ្ជើញចូលរួមពីតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និស្សិត និងភាគីពាក់ព័ន្ធនានា ចំនួន ៥០ រូប និងតាមរយៈប្រព័ន្ធអនឡាញ សរុបប្រមាណ ៤០០ រូប។
គួរបញ្ជាក់ថា កម្មវិធីទី១ គឺជាសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្រោមការគាំទ្រដោយមូលនិធិ UNCDF ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយជូនក្រសួង-ស្ថាប័ន ភាគីពាក់ព័ន្ធ និងសាធារណជន អំពីផែនការសកម្មភាព និងវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ព្រមទាំងមានការប្រគល់ឯកសារយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ជូនតំណាងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ។
ចំណែកឯកម្មវិធីទី ២ គឺការដាក់ឱ្យដំណើរការជាផ្លូវការ យុទ្ធនាការ “តោះ! និយាយពីលុយ៖ តក់ៗពេញបំពង់” ដែលជាយុទ្ធនាការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីជួយពង្រឹងការយល់ដឹងរបស់ប្រជាជនពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុ ដូចជា ការថ្លឹងថ្លែងជម្រើសផលិតផល និងសេវាហិរញ្ញវត្ថុ ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុរួមគ្នារវាងបុរសនិងស្ត្រី នៅក្នុងគ្រួសារ ជាដើម សំដៅរួមចំណែកការអនុវត្តផែនការសកម្មភាពរបស់យុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ ២០១៩-២០២៥។
យុទ្ធនាការនេះ មានប្រធានបទគន្លឹះសំខាន់ៗចំនួន ៤ គឺ ១/-ការគ្រប់គ្រងលុយកាក់របស់អ្នកឱ្យបានកាន់តែប្រសើរ ២/-ការត្រៀមខ្លួនសម្រាប់រឿងដែលកើតឡើងដោយមិនបានព្រាងទុក ៣/-ការយល់ដឹងអំពីសិទ្ធិនិងការទទួលខុសត្រូវ និង ៤/-និយាយចេញមក (ការពិគ្រោះយោបល់ពាក់ព័ន្ធបញ្ហានៃការប្រើប្រាស់សេវាហិរញ្ញវត្ថុ )។