និយ័តករទូរគមនាគមន៍កម្ពុជា បង្រ្កាបការលក់ និងចែកចាយបន្ទះឈីប បង្កើនគុណភាពសេវាទូរស័ព្ទ និងអ៊ីនធឺណិតខុសច្បាប់
ភ្នំពេញ ៖ និយ័តករទូរគមនាគមន៍កម្ពុជា ( ន.ទ.ក.) បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបង្រ្កាបការលក់ និងចែកចាយបន្ទះឈីប បង្កើនគុណភាពសេវាទូរស័ព្ទ និងអ៊ីនធឺណិតខុសច្បាប់។
និយ័តករទូរគមនាគមន៍កម្ពុជា ( ន. ទ. ក.) សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា កាលពី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ន.ទ.ក. បានចុះបង្ក្រាបករណីលក់និងចែកចាយបន្ទះឈឺប បង្កើនគុណភាពសេវាទូរស័ព្ទ និងអ៊ីនធឺណិតនៅទីតាំងផ្ទះលេខ F1 គម្រោងទី៦ បុរីភ្នំពេញសុខសាន្ត ស្ថិតនៅភូមិរំចេក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយជាលទ្ធផល គឺបានរឹបអូសបន្ទះឈឺបខុសច្បាប់ ចំនួន ៤១៤ បន្ទះ។
នៅពេលចុះបង្ក្រាបនេះ ន.ទ.ក. រកឃើញថា ម្ចាស់ទីតាំងខាងលើ បានបញ្ជាទិញបន្ទះឈឺបបង្កើន គុណភាពសេវាទូរស័ព្ទ និងអ៊ីនធឺណិតពីគេហទំព័រ AliExpress ដើម្បីលក់និងចែកចាយតាមបណ្ដាញទំនាក់ទំនងសង្គម Facebook (2 Million Riel) ដោយខុសច្បាប់។ សកម្មភាពនេះ គឺផ្ទុយនឹងច្បាប់ស្តីពីទូរគមនាគមន៍ត្រង់មាត្រា ១៥ ដែលបញ្ញត្តឱ្យបុគ្គលទាំងឡាយ ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតពី ន.ទ.ក. ដើម្បីបំពេញប្រតិបត្តិការនាំចូល ផ្គត់ផ្គង់ និងចែកចាយ និងបើកលក់គ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ និងមាត្រា១៦ ដែលបញ្ញត្តឱ្យបុគ្គលទាំងឡាយ ត្រូវ ដាក់ពាក្យស្នើសុំវិញ្ញាបនបត្រពី ន.ទ.ក. ដើម្បីបានការទទួលស្គាល់ជាគុណវុឌ្ឍិភ្នាក់ងារនាំចូល ផ្គត់ផ្គង់និងចែកចាយ និងការទទួលស្គាល់យថាប្រភេទ នៃគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ ដើម្បីធានាឱ្យបាននូវគុណភាពនៃផលិតផល និងតម្លៃ ជាប្រយោជន៍ដល់អ្នកប្រើប្រាស់ចុងក្រោយ (end user)។
ន.ទ.ក. នឹងបន្តស្វែងរកជនទាំងឡាយ ដែលនាំចូលនិងចែកចាយដោយខុសច្បាប់នូវបន្ទះឈីបនិង បណ្តាឧបករណ៍ប្រភេទនេះ និងសូមអំពាវនាវផងដែរដល់សាធារណជន ឱ្យចូលរួមរាយការណ៍ជូន ន.ទ.ក. តាមរយៈ លេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការឬតាមបណ្តាញសង្គម Facebook: “និយ័តករទូរគមនាគមន៍កម្ពុជា – Telecommunication Regulator of Cambodia” ក្នុងករណីឃើញមានការលក់និងចែកចាយគ្រឿងសម្ភារបរិក្ខារ ទូរគមនាគមន៍ ដែលគ្មានការអនុញ្ញាតច្បាស់លាស់ពី ន.ទ.ក. ដើម្បី(១) លើកកម្ពស់ការអនុវត្តច្បាប់ និង(២) ការពារអ្នកប្រើប្រាស់ពីការជាវផលិតផល ដែលគ្មានគុណភាពនាំឱ្យខ្លះខ្ចាយថវិកា។ ន. ម.ក. នឹងរក្សាការសម្ងាត់ជូនដល់ បុគ្គលទាំងឡាយណាដែលរាយការណ៍៕