រដ្ឋបាលខេត្តពោធិ៍សាត់ ចាត់វិធានការ បញ្ឈប់ការចូលទន្ទ្រានដីដែនព្រៃលិចទឹកបន្តទៀត ធ្វើ អត្តសញ្ញាណ អ្នកដែលបានចូលទន្ទ្រាន
ពោធិ៍សាត់ ៖ ថ្ងៃអាទិត្យ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារអន្តរក្រសួងដែលដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចុះមកពិនិត្យ និងចាត់វិធានការបង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបស្ថិតក្នុងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
សម្រាប់ថ្ងៃទី១ នៃដំណើរបេសកកម្មរយ:ពេល ៣ថ្ងៃគិតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ នេះមានកម្មវិធីដូចខាងក្រោម ៖
កម្មវិធីទី១ ៖ ខេត្តពោធិ៍សាត់ :
– ចុះពិនិត្យទីតាំងជាក់ស្តែង
– ប្រជុំនៅសាលាខេត្តពោធិ៍សាត់
នៅវេលាម៉ោង ៨:៣០ ក្រុមការងារបានអញ្ជើញចុះមកពិនិត្យទីតាំងជាក់ស្តែងនៃការរំលោភកាប់ ទន្រ្ទានយកដីព្រៃរដ្ឋធ្វើជាកម្មសិទ្ធិ ក្នុងឃុំកំពង់លួង ស្រុកក្រគរ។ បន្ទាប់មកនៅវេលាម៉ោង ១០:០០ ក្រុមការងារអន្តរក្រសួង បានអញ្ជើញចូលរួមប្រជុំ ដែលកិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបូកសរុបស្ថានភាពជារួម ពិនិត្យ វាយតម្លៃ និងដាក់ចេញនូវវិធានការដោះស្រាយ។
យោងតាមរបាយការណ៍របស់ក្រុមការងារអន្តរក្រសួងបានឲ្យដឹងថា តំបន់ ៣ នៃភូមិសាស្ត្រខត្តពោធិ៍សាត់ មានទំហំផ្ទៃដីចំនួន ៩៤ ១៤២ ហត ស្មើ ១៤,៥២% នៃទំហំផ្ទៃដីតំបន់ ៣ ទូទាំងប្រទេសដែលមានផ្ទៃដីសរុបចំនួន ៦៤៧ ៤០៦ហត ក្នុងស្រុកចំនួន ៣ គឺ៖
១. ស្រុកបាកានមានចំនួន ៤ឃុំ (ស្នាមព្រះ, បឹងបត់កណ្ដាល, ឈើទឹក, អូរតាប៉ោង) មានប្រជា ពលលរដ្ឋចំនួន ៣៤៩ គ្រួសារ កំពុងអាស្រ័យផលលើផ្ទៃដី ១ ០២២,៦៨ហត។
២. ស្រុកកណ្តៀង មានទំនួន ៦ឃុំ (កោះធំ ស្រែស្តូក, កណ្ដៀង, ស្យា, កញ្ជួរ និងឃុំរាំងទិល)
មានប្រជាពលរដ្ឋចំនួន ៦៦២ គ្រួសារ កំពុងអាស្រ័យផលលើផ្ទៃដី ១៨៦៣,៧៩ ហត។
៣. ស្រុកក្រគរ មានចំនួន ៧ឃុំ (អន្សាចំបក់, ក្បាល់ត្រា, កំពង់លួង, អន្លង់ត្នោត, ស្នាអន្សោង កំពង់ពោធិ៍ និងឃុំអូរសណ្ដាន់) មានប្រជាពលរដ្ឋចំនួន ៩១០គ្រួសារ កំពុងអាស្រ័យផលលើ ផ្ទៃដី ១ ៥៤៧,៦ហត។
សរុបជារួមខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋចំនួន ១៩២១ គ្រួសារ កំពុងអាស្រ័យផលក្នុង តំបន់៣ លើផ្ទៃដី ៤ ០០០,២៨ ហត ក្នុងនោះមុនឆ្នាំ២០១២ មាន ១៤០៩ គ្រួសារ លើផ្ទៃដី ២ ៦៤១, ៤៨ ហត និងក្រោយឆ្នាំ ២០១២ មាន ៥១២ គ្រួសារ លើផ្ទៃដី ១ ៣៥៨,៨ ហត។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីមន្រ្តីជំនាញ និងពិនិត្យពិភាក្សា ជាមួយក្រសួងពាក់ព័ន្ធរួចមក អង្គប្រជុំទាំងមូលបានសម្រេចដាក់ចេញវិធានការ មួយចំនួន ដូចខាងក្រោម៖
១. ជូនរដ្ឋបាលខេត្តពោធិ៍សាត់ចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់លើ លិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីក្នុងដែនព្រៃលិចទឹកព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីពេលមុន។
២. ជូនរដ្ឋបាលខេត្តពោធិ៍សាត់ចាត់វិធានការបញ្ឈប់ការចូលទន្ទ្រានដីដែនព្រៃលិចទឹកបន្តទៀត ធ្វើ អត្តសញ្ញាណអ្នកដែលបានចូលទន្ទ្រាន ដើម្បីធ្វើការដកហូតដីនិងចាត់វិធានការតាមផ្លូវច្បាប់ ដោយ ត្រូវកសាងអង្គហេតុ និងដាក់បណ្ដឹងអាជ្ញាទៅតុលាការ។
៣. ទន្ទឹមនឹងវិធានការផ្លូវច្បាប់ ជនល្មើសត្រូវដាំដើមឈើឡើងវិញលើផ្ទៃដីដែលបានទន្ទ្រាន។
៤. កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាត់កម្លាំងចុះល្បាតតាមគោលដៅដើម្បីទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹកនិងអនុវត្តវិធានការច្បាប់។
៥. ជូនក្រសួងធនធានទឹក និងឧតុនិយម ទទួលបន្ទុកដាំបង្គោលព្រំដែនព្រៃលិចទឹកដែលខ្វះ និងដែល បានដួលរលំ និងដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋនូវដីព្រៃលិចទឹកតំបន់ទន្លេសាប។
៦. ចំពោះប្រជាពលរដ្ឋដែលបានដាំដំណាំ ពិសេសដំណាំស្រូវ ទុកពេលឱ្យប្រមូលផល រួចស្នើឱ្យធ្វើ លិខិតទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ។
៧. ការដាំដើមឈើឡើងវិញ ផ្ដល់អាទិភាពលើការដាំដើមឫស្សី។