កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ចូលជាធរមាននៅខែមករា ឆ្នាំ២០២២ខាងមុខនេះ នឹងធ្វើឲ្យដង្ហើបសេដ្ឋកិច្ចកម្ពុជា កាន់តែប្រសើរឡើងថែមទៀត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ចូលជាធរមាននៅខែមករា ឆ្នាំ២០២២ខាងមុខនេះ នឹងធ្វើឲ្យដង្ហើបសេដ្ឋកិច្ចកម្ពុជា កាន់តែប្រសើរឡើងថែមទៀត។
កិច្ចព្រមព្រៀងទាំង២ ដែលចូលជាធរមានក្នុងខែមករាខាងមុខនេះ គឺបើកទីផ្សារសម្រាប់ផលិតផលកម្ពុជា កាន់តែធំទូលាយថែមទៀត ដើម្បីជំរុញកម្លាំងផលិតនាំចេញ។
ការថ្លែងរបស់សម្តេចតេជោធ្វើឡើង ក្នុងឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តភ្ជាប់ពីអ្នកលឿង ទៅកាន់ផ្លូវជាតិលេខ៧ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងផ្លូវក្នុងក្រុងព្រៃវែងជិត ១០០គីឡូម៉ែត្រ ចំណាយថវិកាជិត ១០០លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «កិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីរវាងកម្ពុជា-ចិន នឹងចូលជាធរមានក្នុងខែមករាខាងមុខ អាសិម ក៏ចូលជាធរមានក្នុងខែមករា ខាងមុន ដូច្នេះកម្ពុជាមានដង្ហើមដកកាន់តែល្អ យើងប្រឹងផលិតដើម្បីជំរុញការនាំចេញ នេះជាចំណុចដែលសប្បាយរីករាយសម្រាប់ប្រជាជនកម្ពុជា»។
សម្តេចតេជោបានបង្ហាញនូវក្តីសប្បាយរីករាយយ៉ាងខ្លាំង ចំពោះកាដូចុងឆ្នាំចំនួន២របស់មិត្តចិន គឺទី១-ក្រុមហ៊ុនផលិតវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន កំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជាដើម្បីសិក្សា និងស្រាវជ្រាវក្នុងការផលិតវ៉ាក់សាំងនៅកម្ពុជា ហើយនៅក្នុងឆ្នាំក្រោយ ប្រជាជនកម្ពុជានឹងអាចប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតនៅក្នុងប្រទេសតែម្តង និងទី២-ភាគីចិនបានសម្រេចក្នុងការសិក្សា និងវាយតម្លៃផ្នែកហានិភ័យ ផ្នែកភូតគាមអនាម័យ លើផ្លែមៀន និងត្រីប្រារបស់កម្ពុជា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដែលជាវិធានការសំខាន់។ ប្រសិនដំណើរការសិក្សារលូនល្អ ផ្លែមៀនកម្ពុជា នឹងអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិន នាពេលរដូវប្រមូលផលលើកក្រោយ រីឯត្រីប្រាវិញ នឹងនាំចេញទៅកាន់ប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខ។
សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬហៅថា FTA គឺជាកិច្ចព្រមព្រៀងលើកលែងពន្ធអាករ ទៅវិញទៅមករវាងប្រទេសមួយ និងប្រទេសមួយទៀត លើផលិតផលដែលបានព្រមព្រៀងគ្នា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ មិនត្រឹមតែជាការព្រមព្រៀងត្រឹមការលើកលែងពន្ធអាករលើផលិតផលប៉ុណ្ណោះទេ តែបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម។
សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ត្រូវបានអះអាងថា កម្ពុជានឹងនាំផលិតផលជាង ៣៤០មុខ ហើយ ៩៥ភាគរយនៃផលិតផលនេះ នឹងចុះពន្ធដល់ ០ភាគរយ ហើយនៅសល់៥ភាគរយ គឺចុះក្នុងរយៈពេល១០ឆ្នាំ ឬអាចឆ្នាំបន្ទាប់ចុះទៅ០%។
ដោយឡែក កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មតំបន់គ្រប់ជ្រុងជ្រោយ (អាសិប) មានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូ ពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើមបង្កើតដំបូងនៅ ឆ្នាំ២០១២ នៅទីក្រុងភ្នំពេញ។
RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ២ ២០០លាននាក់ ឬ ៣០ភាគរយ នៃប្រជាជនពិភពលោក និង មានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក៕