ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ នឹងត្រូវសាងសង់ឡើងកំពស់២៦ជាន់ ដោយប្រើប្រាស់ពេល នៃការសាងសង់ប្រមាណ៤ទៅ៥ឆ្នាំ

45

 

ភ្នំពេញ៖ សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ ដែលមានទីតាំងនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករានឹងត្រូវសាងសង់ឡើងកំពស់២៦ជាន់ ក្រោមដី៣ជាន់ និងអាចដាក់គ្រែសំរាក ពិនិត្យព្យាបាលអ្នកជំងឺបានពី១៥០ទៅ២០០គ្រែ ដែលគ្រោងសាងសង់ឲ្យរួចរាល់ ក្នុងរយះពេលពី៤ទៅ៥ឆ្នាំ ។

សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ បានធ្វើពិធីក្រុងពាលី នឹងបញ្ចុះបឋមសិលាតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខសេចក្តីចំរើន បើកការដ្ឋានសាងសង់ នៅរសៀលថ្ងៃទី៦ធ្នូនេះ ក្រោមវត្តមានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ដោយមានលោកវេជ្ជបណ្ឌិតឈុន ឡាយ ជាតំណាងមន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ។

បើតាមអ្នកគ្រប់គ្រងមន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ បានគូសបញ្ជាក់ថា ដោយមានការផ្តល់ការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ លោកឃួង ស្រេង និងលោកស្រីបានធ្វើឲ្យគំរោង សាងសង់មន្ទីរពេទ្យពហុជំនាញ ភ្នំពេញនាពេលនេះ ចេញជារូបរាងដើម្បីបំរើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋដោយបំពាក់ឧបករណ៏ វេជ្ជសាស្ត្រទំនើបទាន់សម័យ និងគ្រប់ជំនាញ។

លោកតំណាងមន្ទីរពេទ្យបញ្ជាក់ទៀតថា សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ សាងសង់មានកំពស់២៦ជាន់,ក្រោមដី៣ជាន់ និងអាចដាក់គ្រែសំរាកពិនិត្យព្យាបាលអ្នកជំងឺបានពី១៥០ទៅ២០០គ្រែ និងគ្រោងសាងសង់ឲ្យរួចរាល់ ក្នុងរយះពេលពី៤ទៅ៥ឆ្នាំ ដែលជាពេទ្យឯកជន ដែលបំរើសេវាសុខភាពដូចពេទ្យរដ្ឋដែរ ដោយគិតទៅលើការជួយសង្គ្រោះ ប្រជាពលរដ្ឋដែលខ្វះខាតជាចំបង។

សូមបញ្ជាក់ថា សម្រាប់ក្របខណ្ឌ័រាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញរួម នឹងអង្គភាពជំនាញ បានដំណើរការបង្ខិតសេវាសុខាភិបាល ពង្រឹងនិង ពង្រីកយន្តការនៃការផ្តល់សេវាផ្នែករដ្ឋ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការចូលរួម របស់សេវាសុខាភិបាលឯកជន ក្នុងនោះគិតត្រឹមឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញមានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិចំនួន៧,មន្ទីរពេទ្យ បង្អែកចំនួន១,មន្ទីរពេទ្យថ្នាក់ស្រុកចំនួន៧, មណ្ឌលសុខភាពចំនួន៤៣,ប៉ុស្តិ៍សុខភាពចំនួន៧ ដែលជាសេវាគ្រប់គ្រងដោយរដ្ឋ ព្រមទាំងមានមូលដ្ឋានសុខាភិបាល ឯកជនចំនួន២៧៥៧ទីតាំងបន្ថែមទៀត កំពុងផ្តល់សេវាពិនិត្យពិគ្រោះ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ-១៩ អាជ្ញាធររាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមនឹងកងកំលាំងប្រដាប់អាវុធ,មន្ត្រីរាជការ រួមនឹងអង្គភាពជំនាញបានខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងរាជធានីភ្នំពេញតាមរយះការអនុវត្តវិធានចំបងៗ របស់ក្រសួងសុខាភិបាល និងតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បី បំរើសុខមាភាពរបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង