ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូតវៀតណាមថ្មីប្រចាំកម្ពុជា ថា ជោគជ័យ យុទ្ធសាស្រ្តចាក់វ៉ាក់សាំងកូវីដ១៩ ធ្វើឱ្យកម្ពុជាក្លាយជា កន្លែងសុវត្ថិភាពសម្រាប់អ្នកទេសចរ

54

ភ្នំពេញ៖ លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានកោតសរសើរចំពោះនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទទួលបានជោគជ័យយ៉ាងធំធេង ធ្វើឱ្យកម្ពុជាមានលទ្ធភាពបើកប្រទេសឡើងវិញ និងក្លាយជាទីកន្លែងសុវត្ថិភាពសម្រាប់អ្នកទេសចរ។

នាឱកាសនោះដែរ លោកក៏ថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានផ្តល់ថវិកា និងបរិក្ខាពេទ្យដល់ប្រទេសវៀតណាម នៅក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នាពេលកន្លងមក។

ការសម្តែងការកោតសរសើរបែបនេះ របស់ឯកអគ្គរដ្ឋទូតថ្មីវៀតណាម បានធ្វើឡើងនៅក្នុងឱកាសដែលលោកត្រូវបាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ។

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលបានផ្លាស់ប្តូរមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។

ឯកអគ្គរដ្ឋទូតថ្មីវៀតណាម បានសន្យាចំពោះ សម្ដេចប្រធានរដ្ឋសភាថា ក្នុងបេសកកម្មកាទូតនៅកម្ពុជា លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពូនជ្រុំទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យបានកាន់តែរីកចម្រើនឡើងថែមទៀត ទាំងវិស័យការទូត សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម។

ជាមួយគ្នានេះដែរ លោក ង្វៀន ហ៊ុយតាំង បានជម្រាបជូនសម្តេចថា ទោះបីនៅក្នុងកាលៈទេសៈកូវីដ១៩ នេះក្តី តែទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាម បានកើនឡើងជាលំដាប់នៅក្នុងនោះការនាំចូលរបស់កម្ពុជាទៅប្រទេសវៀតណាម ច្រើនជាងវៀតណាមនាំចូលមកកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍ ចំពោះលោក ង្វៀន ហ៊ុយតាំង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា។

សម្តេចបានប្រសាសន៍លើកឡើងថា បេសកកម្មការទូតថ្មីរបស់លោកនៅកម្ពុជាពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

ប្រធានរដ្ឋសភាកម្ពុជា សូមកោតសរសើរដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានរួមគ្នាសម្រេចបានក្នុងអាណត្តិជាបន្តបន្ទាប់មកនេះ សំដៅនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសង្ខាង។

ឆ្លៀតឱកាសនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់ប្រទេសវៀតណាម ដែលបានផ្តល់ជំនួយ២៥លានដុល្លារអាមេរិក សម្រាប់ការសាងសង់អគាររដ្ឋបាលថ្មី ដល់រដ្ឋសភាកម្ពុជា ដែលមកដល់ពេលនេះគម្រោងសាងសង់កំពុងដំណើរការជ្រើសរើសក្រុមហ៊ុនសាងសង់ ដែលនៅក្នុងនោះ មានក្រុមហ៊ុនមួយចំនួនបានដាក់ពាក្យដេញថ្លៃ រួមទំាងក្រុមហ៊ុនរបស់ប្រទេសវៀតណាមផងដែរ។

សម្តេចបានបញ្ជាក់ថា ការសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភានេះ គ្រោងនឹងបើកការដ្ឋាននៅដើមឆ្នាំ២០២២ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង