ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារជាតិនៃកម្ពុជា ប្រកាសបញ្ឈប់ផ្តល់អាជ្ញាប័ណ្ណថ្មី ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ

47

 

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានប្រកាសបញ្ឈប់ផ្តល់អាជ្ញាប័ណ្ណថ្មី សម្រាប់ប្រកប អាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់ បញ្ញើ។
យោងតាមសេចក្តីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៦ធ្នូឆ្នាំ២០២១ស្តីពី ការបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មីសម្រាប់ប្រកបអាជីវកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួល ប្រាក់បញ្ញើបានលើកឡើងថា
ធនាគារជាតិនៃកម្ពុជា សូមជូនដំណឹងដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងសាធារណជន ទាំងអស់ ឱ្យបានជ្រាបថា បច្ចុប្បន្នគ្រឹះ ស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា មានការរីកចម្រើនគួរជាទី មោទនៈ ទាំងគុណភាព ទំហំ និងវិសាលភាព។

ធនាគារថាក្នុងគោលបំណងពង្រឹងបន្ថែមទៀតនូវសមត្ថភាព របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជាការត្រួតពិនិត្យ សំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ និងរួម ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ធនាគារជាតិនៃកម្ពុជា សម្រេចបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មី សម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ជាមួយគ្នានោះដែរធនាគារជាតិនៃកម្ពុជា ស្វាគមន៍វិនិយោគិន ចំពោះការចូលរួមវិនិយោគជាមួយគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុដែលកំពុងប្រកបអាជីវកម្ម និងលើកទឹកចិត្តចំពោះការច្របាច់បញ្ចូលគ្នារវាង គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលមានស្រាប់ ដើម្បីលើកកម្ពស់ការផ្តល់សេវាហិរញ្ញវត្ថុប្រកប ដោយ គុណភាព ប្រសិទ្ធភាព និងមានតម្លៃសមរម្យសម្រាប់ក្រុមហ៊ុន សហគ្រាស និងសាធារណជន។
ធនាគារជាតិនៃកម្ពុជាក៏ថ្លែងអំណរគុណ ចំពោះសាធារណជនដែលមានជំនឿទុកចិត្តលើ ប្រព័ន្ធធនាគារ និងវិនិយោគិនថ្មីៗដែលមានការចាប់អារម្មណ៍ លើការវិនិយោគក្នុងវិស័យធនាគារ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង