ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឃួង ស្រេង បញ្ជាឱ្យសមត្ថកិច្ចនិងអាជ្ញាធរ មូលដ្ឋានចុះត្រួតពិនិត្យក្លឹបកំសាន្តនានា បើចូលមិនបាន រាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញ

74
ភ្នំពេញ៖ អនុវត្តតាមបទបញ្ជា របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានដាក់ចេញកាលពីពេលថ្មីកន្លងទៅនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាដល់សមត្ថកិច្ច និងអាជ្ញាធរ ពាក់ព័ន្ធគ្រប់ប្រភេទ ត្រូវរួមគ្នា ត្រួតពិនិត្យ រដ្ឋបាល នៅតាមបុរី ខុនដូរ និង ក្លឹបកំសាន្ត តូច ធំ ទាំងអស់ ក្នុងរាជធានីភ្នំពេញ ដើម្បីរក្សាការពាសន្តិសុខ សណ្តាប់ធ្នាប់ និង បទល្មើសគ្រឿងញៀន ខណៈដែលគ្រឿងញៀននូវតែជាបញ្ហាប្រឈមដែលអាជ្ញាធរមានសមត្ថកិច្វត្រូវតែយកចិត្តទុកដាក់ខ្ពស់នោះ។
    លោក អភិបាលបានបញ្ជាយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំមួយ ស្តីពីការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពី អាជ្ញាធរខណ្ឌទាំង១២ និងកម្លាំងប៉ូលីសចំណុះអោយរដ្ឋបាលរាជធានី។
   លោកអភិបាលបានដាក់បញ្ជាឱ្យ អាជ្ញាធរខណ្ឌ ទាំងអស់ត្រូវត្រួតពិនិត្យឱ្យហ្មត់ចត់ ពិសេស ក្លឹបកំសាន្ត ដែលប្រើប្រាស់គ្រឿងញៀន បើមានការសង្ស័យត្រូវដាក់ផែនការត្រួតពិនិត្យ អាវុធជាតិផ្ទុះ ចរាចរណ៍ និងពិនិត្យទឹកនោមតែម្តង នៅពេលពួកគេចេញពីក្លឹប បើមិនមានលទ្ធភាពត្រួតពិនិត្យទេ ត្រូវរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត មិនត្រូវនៅស្ងៀមដូច្នេះឡើយ  វាអាចនឹងមានបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរនៅថ្ងៃខាងមុខ។
លោក អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា មានប្រជាពលរដ្ឋ បានលើកឡើងជាបន្តបន្ទាប់ ពីគន្លាតកាន់តែឆ្ងាយ រវាងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ ដែលមានភាពឆកល្វែង ធ្វើឱ្យពួកគាត់មានការថ្នាំងថ្នាក់ក្នុងចិត្ត។ ដូច្នេះ ដើម្បីលុបបំបាត់ នូវការលើកឡើង ក៏ដូចជាបញ្ហាប្រឈមដែលបានកើតឡើងនាពេលកន្លងមក មន្រ្តី សមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ត្រូវតែចុះ ឱ្យបានជាប់ជាប្រចាំ នៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន ដើម្បីបំរើផលប្រយោជន៍ និងសេចក្តីត្រូវការណ៍ចាំបាច់របស់ប្រជាពលរដ្ឋ។
   លោក ឃួង ស្រេង បញ្ជាដាច់ខាត ចំពោះមន្រ្តីបំរើសេវាសាធារណៈ ហាមទាលុយកាក់ពីប្រជា ពលរដ្ឋ នៅពេលដែលគាត់មកសុំការផ្តល់សេវាកម្មនានា។  លើសពីនេះ ត្រូវពិនិត្យ និងរាយការណ៍មករដ្ឋបាលខណ្ឌ នៅពេលមានផ្លូវខូច លិចទឹក លូបែក ឬ បញ្ហាណាមួយ ដែលខ្លួនមិនអាចធ្វើបាន ជូនពលរដ្ឋ ក្នុងមូលដ្ឋាន។ ចំណែករដ្ឋបាលខណ្ឌ ក៏ត្រូវបន្តដោះស្រាយឱ្យបានទាន់ពេលវេលា នូវតម្រូវការចាំបាច់ អ្វីដែលអាចដោះស្រាយបាន ត្រូវដោះស្រាយភ្លាមៗ អ្វីដែលលើសពីសមត្ថភាព ត្រូវដាក់សំណើរមក រដ្ឋបាលរាជធានី ដើម្បីបញ្ជូនមន្រ្តីជំនាញ ចុះទៅពិនិត្យ នឹងចាត់ការជាបន្ទាន់ ដើម្បបំរើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
 លោក អភិបាល  ក្នុងឱកាសនោះ ក៏បានស្នើឱ្យប្រជាពលរដ្ឋ មានការយោគយល់ផងដែរ ដល់ការងារមួយចំនួន ដែលមានការប៉ះពាល់ ឬ ក៏រំខានខ្លះៗ ដល់មុខរបរ និងការធ្វើដំណើរ ចេញចូល លំនៅដ្ឋាននិង អាជីវកម្មនានា ព្រោះថា រាល់ការអភិវឌ្ឍន៍ រមែងតែងមានការប៉ះពាល់ ទោះតិចក្តីច្រើនក្តី ប៉ុន្តែអាជ្ញាធរ នឹងសម្រួលជូនឱ្យបានប្រសើរទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន៕
អត្ថបទដែលជាប់ទាក់ទង