ប្រគល់-ទទួល ផ្លូវរត់អត្តពលកម្ម អាងហែលទឹក និងអគារលំហាត់ប្រាណ ជូនដល់វិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា
CAMSOC-ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានអញ្ជើញប្រគល់-ទទួលផ្លូវរត់អត្តពលកម្ម ៨ខ្សែបន្ទាត់ អាងហែលទឹក និងអគារធ្វើលំហាត់ប្រាណដោយមានបំពាក់សម្ភារៈបរិក្ខារពីរដ្ឋាភិបាល-ប្រជាជនជប៉ុនជូនដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។
លោកស្រី ហ៊ូ សិទ្ធិសោភាល័យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាបញ្ជាក់ថា គម្រោង «អភិវឌ្ឍវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាជាគ្រឹះស្ថានឧត្តមសិក្សា» ត្រូវបានអនុវត្ត ក្រោមកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ក្រោមជំនួយឥតសំណងនៃរាជរដ្ឋាភិបាលជប៉ុន។ គម្រោងនេះបានចាប់ផ្តើមដំណើរការចាប់តាំងពីខែមករា ឆ្នាំ២០១៩ ដែលគម្រោងនេះមានរយៈពេល៣ឆ្នាំ។
លោកស្រីបន្ថែមថា ផ្លូវរត់អត្តពលកម្ម តាមរយៈជំនួយឥតសំណង គូសាណូណិ ដែលមានតម្លៃសរុបចំនួន ៩០ ៦៤០ ដុល្លាអាមេរិក។ អាងហែលទឹក និងអគារធ្វើលំហាត់ប្រាណដោយបំពាក់សម្ភារៈបរិក្ខារ ជាមួយនឹងសម្ភារកីឡាមួយចំនួនដូចជា៖ ក្តារស្នោហែលទឹក កម្រាលយ៉ូហ្គា balance ball បាល់ទាត់ បាល់ទះ បាល់បោះ គ្រាប់ប៊ូល តុវាយកូនឃ្លីលើតុ និងថវិកាសម្រាប់ធ្វើឧបករណ៍រក្សាទុកខ្សែបន្ទាត់អាងហែលទឹក ដែលជាជំនួយឥតសំណងសម្របសម្រួលដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសចាប់តាំងពីឆ្នាំ២០១៩ និងឆ្នាំ២០២១ ដែលមានតម្លៃសរុបចំនួន ៧២១ ៥០៥.៨៦ ដុល្លាអាមេរិក។ ស្បែកជើងកីឡាសម្រាប់គរុនិស្សិតថ្នាក់បរិញ្ញាបត្រចំនួន ៧០គូ ជាអំណោយរបស់ Fujisawa Minami Rotary Club ក្រោមការសម្របសម្រួលដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស។
ឯកឧត្តម MIKAMI Masahiro បានលើកឡើងថា សមិទ្ធផលហេដ្ឋារចនាសម័ន្ធកីឡា ទាំងអស់នេះ វានឹងជួយឲ្យវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា មានគុណភាពខ្ពស់ ក្នុងបរិយាកាសសមស្រប ដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ឲ្យនិស្សិតកម្រិតថ្នាក់អប់រំកាយ និងកីឡា ប្រកបដោយគុណភាព ទៅចែករំលែកនៅតាមបណ្តាសាលារៀននានា នៅក្នុងប្រទេស នៅពេលពួកគេបានបញ្ចប់ការសិក្សា ។ ឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ទៀតថា ថ្នាក់អប់រំកាយ មិនត្រឹមតែផ្តល់ឲ្យសិស្សនូវភាពសកម្មផ្នែករាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្រៀនពីសារៈសំខាន់ នៃការងារជាក្រុម ការអនុវត្តតាមបទបញ្ញត្តិ និងស្មារតី នៃការលេងដោយយុត្តិធម៌តាមរយៈសកម្មភាពជាក្រុម ។ បទពិសោធន៍ដែលទទួលបានតាមរយៈការយល់ដឹង និងការរៀនសូត្រជាមួយមិត្តរួមថ្នាក់ និងក្លាយជាទ្រព្យសម្រាប់ជីវិត ។ ឯកឧត្តម សង្ឈឹមជឿជាក់ថា សមិទ្ធផលទាំងអស់នេះ និងត្រូវបានប្រើប្រាស់យូអង្វែង និងជានិមិត្តរូបរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារថ្មីៗរបស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងគូសាណូណ៌ និងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដែលបានជួយឧបត្ថម្ភជាផ្លូវរត់អត្តពលកម្ម ៨ខ្សែបន្ទាត់ ព្រមទាំងអាងហែលទឹក និងអគារធ្វើលំ ហាត់ប្រាណដោយមានបំពាក់សម្ភារៈបរិក្ខា សម្ភារៈកីឡា និងការរៀបចំកម្មវិធីសិក្សាបរិញ្ញាបត្រ សិល្បៈមនុស្សសាស្រ្ត ឯកទេស អប់រំកាយ ការអភិវឌ្ឍធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកថា នេះជាការរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាឱ្យក្លាយជាគ្រឹះស្ថាន ឧត្តមសិក្សានាពេលខាងមុខ៕