ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និង ADB ចុះហត្ថលេខា លើកញ្ចប់ហិរញ្ញប្បទាន ៣៣២លានដុល្លារ ដើម្បីបង្កើនការងើបឡើងវិញ នៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព

55

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ បានចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទាន ៣៣២.០៥លានដុល្លារ ដើម្បីគាំទ្រ ដល់ការឆ្លើយតបរបស់កម្ពុជានឹងជំងឺកូវីដ១៩ អភិវឌ្ឍវិស័យហិរញ្ញវត្ថុ កសាងហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងជួយកែលម្អបណ្តាញផ្លូវ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ ADB ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនាយកស្តីទីប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី លោក Anthony Gill បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី និងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងសន្តិសុខសុខភាពមហា អនុតំបន់មេគង្គ (GMS) ចំនួន៣០លានដុល្លារ គម្រោងវិនិយោគទីក្រុង ដែលអាចរស់នៅបាន១៨០លានដុល្លារ គម្រោងកែលម្អបណ្តាញផ្លូវថ្នល់ (ដំណាក់កាលទី២) ៨២.០៥លានដុល្លារ និង កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន ៤០លាន។

លោក Gill បានថ្លែងថា «ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏យូរអង្វែងរបស់កម្ពុជា ADB ប្តេជ្ញាគាំទ្រលទ្ធភាពប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ចរបស់ប្រទេស និងការអភិវឌ្ឍប្រកប ដោយបរិយាប័ន្ន។ គម្រោងទាំងនេះ នឹងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការកែលម្អសេវាថែទាំសុខភាព បរិយាប័ន្នហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទីក្រុង នៅទីតាំងយុទ្ធសាស្ត្រមួយចំនួន និងបណ្តាញផ្លូវថ្នល់»

គម្រោងសន្តិសុខសុខភាពមហាអនុតំបន់មេគង្គ នឹងធ្វើឲ្យប្រសើរឡើងនូវសេវាមន្ទីរពិសោធន៍ និងការត្រួតពិនិត្យបង្ការ ការឆ្លងរោគតាមមន្ទីរពេទ្យខេត្ត និង ស្រុកចំនួន ៨១ នៅទូទាំងប្រទេសកម្ពុជា។ វានឹងជំរុញប្រព័ន្ធតាមដាននិងឆ្លើយតបជំងឺ ការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ១៩ និងការតាមរកករណីឆ្លង ដោយភ្នាក់ងារ សុខាភិបាល មជ្ឍិម ខេត្ត និងស្រុក។ គម្រោងនេះ ក៏ត្រូវបានផ្តល់ជាមូលនិធិតាមរយៈជំនួយ ចំនួន៥លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction ឬ JFPR) របស់រដ្ឋាភិបាលជប៉ុនផងដែរ។

គម្រោងវិនិយោគទីក្រុងដែលអាចរស់នៅបាន នឹង ជួយផ្តល់សេវាគ្រប់គ្រងទឹកសំណល់ និងសំណល់រឹងកាន់តែប្រសើរ សម្រាប់ប្រជាពលរដ្ឋជាង ១៤ម៉ឺននាក់ នៅក្រុងបាវិត កំពត និងប៉ោយប៉ែត។ វានឹងជួយទីក្រុងទាំងបីកែលម្អប្រព័ន្ធបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូក្នុងទីក្រុង និងកាត់បន្ថយទឹកជំនន់។ JFPR បានផ្តល់ជំនួយបច្ចេកទេសចំនួន ២លានដុល្លារ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អផែនការ ប្រើប្រាស់ដីធ្លី និងអភិបាលកិច្ច ក៏ដូចជាការងារផ្សេងទៀត។

ដំណាក់កាលទី២ នៃគម្រោងកែលម្អបណ្តាញផ្លូវ នឹងស្តារឡើងវិញនូវផ្លូវជាតិ និងផ្លូវខេត្តប្រវែង ៤៨ គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង និងខេត្តកណ្តាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមច្រករបៀងសេដ្ឋកិច្ច មហាអនុតំបន់មេគង្គ ភាគខាងត្បូង។ គម្រោងនេះ នឹងបញ្ចូលការរចនាដែលធន់នឹងគ្រោះមហន្តរាយ និងអាកាសធាតុ ហើយជួយក្រសួងសាធារណការ និង ដឹកជញ្ជូន ក្នុងការគ្រប់គ្រងផ្លូវថ្នល់ ឲ្យបានកាន់តែប្រសើរ។

កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន នឹងជួយរដ្ឋាភិបាលពង្រីកលទ្ធភាពទទួលបានឥណទាន ក្នុងចំណោមសហគ្រាសខ្នាតតូច និង មធ្យម អនុវត្តកំណែទម្រង់ដើម្បីជំរុញស្ថិរភាព ហិរញ្ញវត្ថុ និងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកហិរញ្ញវត្ថុ។

បច្ចុប្បន្នធនាគារអភិវឌ្ឍន៍អាស៊ី កំពុងអនុវត្តគម្រោងវិនិយោគសរុបមានតម្លៃ២.០៨ពាន់លានដុល្លារ នៅកម្ពុជា។ ក្នុងឆ្នាំ ២០២០ ADB បានផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណង ៤៧៧.២លានដុល្លារដល់កម្ពុជា និងផ្តល់បន្ថែមចំនួន ២៨១.៣លានដុល្លារ តាមរយៈការផ្តល់សហហិរញ្ញប្បទាន។

ទឹកប្រាក់បម្រុងពី ADB សម្រាប់ឆ្នាំ ២០២១-២០២៤ រួមមាន ប្រាក់កម្ចីសម្បទានចំនួន១.៣៨ពាន់លានដុល្លារ និង ជំនួយឥតសំណង៣៦.៨លានដុល្លារ ត្រៀមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការងើបឡើងវិញ ពីជំងឺរាតត្បាតកូវីដ១៩ របស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង