ជនដៃដល់បង្កហិង្សាដោយចេតនា បណ្តាលឲ្យស្លាប់ជនរងគ្រោះ ត្រូវចាប់ខ្លួនបាន នៅក្រុងបាត់ដំបង
បាត់ដំបង៖ ជនដៃដល់ម្នាក់ ដែលបង្កហិង្សាវាយបុរសម្នាក់ ក្នុងជម្លោះជាមួយគ្នា ពេលផឹកស៊ី បណ្តាលឲ្យធ្លាក់ចូលក្នុងទឹកស្ទឹងសង្កែ ស្លាប់ ត្រូវបាននគរបាលខេត្តបាត់ដំបងស្រាវជ្រាវចាប់ខ្លួនបាន ។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ២០១៨នេះដោយអនុវត្តនូវបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាលជំនាញ ក្នុងផែន ចូលរួមជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ស្រុកឯកភ្នំ និងដោយមានការសម្របសម្រួល លើនីតិវិធីពីលោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ ជនដៃដល់ក្នុងអំពើហិង្សា ប្រើប្រាស់ដុំថ្ម វាយទៅលើជនរងគ្រោះ និងបណ្តាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់ ត្រូវបានឃាត់ខ្លួននោះ គឺឈ្មោះចាន់ សុហេង ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកោះកុង មកស្នាក់នៅបណ្តោះអាសន្ន ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបងខេត្តបាត់ដំបង ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ឈ្មោះ ធឿន មករា ហៅ ស៊ុយ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ត្រូវបានបាត់ខ្លួនចាប់តាំងពីរាត្រីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ដោយមិនមានក្រុមគ្រួសារ បានដឹងពីដំណឹងអ្វីទាំងអស់ រហូតដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០នាទីព្រឹក ប្រជាពលរដ្ឋនៅស្រុកឯកភ្នំ បានប្រទះឃើញសាកសពបុរសម្នាក់អណ្តែតក្នុងទឹកស្ទឹងសង្កែ ឃើញដូច្នេះទើបប្រជាពលរដ្ឋរាយការណ៍ព័ត៌មាននេះ ជូននគរបាលស្រុកឯកភ្នំ ក្រោយធ្វើការស្រង់សាកសពចេញពីក្នុងទឹកស្ទឹងមក។ ពិនិត្យលើរាងកាយសាកសព ឃើញមានស្លាកស្នាមរបួស ដែលនាំទៅដល់ការវាយតម្លៃ អំពីស្ថានភាពដែលមានអំពើហិង្សាណាមួយ ដែលបង្កឡើងចំពោះសាកសពបុរសរូបនេះ ។
ផ្តើមចេញពីរូបភាពសាកសពនេះ ទើបក្រុមគ្រួសាររបស់សពបានដឹង ហើយបានបង្ហាញប្រាប់សមត្ថកិច្ចថា សាកសពមានឈ្មោះធឿន មករា ហៅ ស៊ុយ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ត្រូវបានបាត់ខ្លួន ចាប់តាំងពីរាត្រីថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៨ រហូតមកដោយមិនដឹងមូលហេតុ ។ នៅពេលទទួលបានពត៌មានបែបនេះនគរបាលបានប្រើប្រាស់វិធានការជំនាញធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតដល់រសៀលថ្ងៃទី៥ ខែ កញ្ញ ឆ្នាំ២០១៨ដដែលនេះពោលគឺត្រឹមតែរយៈពេល០៤ម៉ោងប៉ុណ្ណោះក្រោយពេលសាកសពស្រង់ចេញពីទឹកនគរបាលបានវែកមុខជនដៃដល់ក្នុងការប្រើហិង្សាបណ្តាលឲ្យជនរងគ្រោះឈ្មោះ ធឿន មករាហៅស៊ុយបាត់បង់ជីវិត មកទទួលខុសត្រូវចំពោះមុខច្បាប់។
ជនដៃដល់ឈ្មោះចាន់ សុហេង បានឆ្លើយសារភាពថា នៅរាត្រីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងអំឡុងយប់ជ្រៅរំលងអធ្រាត្រ ខ្លួននិងជនរងគ្រោះ មានជម្លោះជាមួយគ្នា ក្នុងពេលផឹកស៊ី រហូតខ្លួនប្រើប្រាស់ដុំថ្មវាយទៅលើជនរងគ្រោះ បណ្តាលឲ្យធ្លាក់ចូលក្នុងទឹកស្ទឹងសង្កែ ហើយបន្ទាប់មកក៏លិចចូលក្នុងទឹកស្ទឹង បាត់ទៅ ក្រោយពីធ្វើសកម្មភាព ហើយខ្លួនក៏សម្ងំធ្វើហាក់មិនបានដឹងរឿងអ្វីទាំងអស់ រហូតដល់ពេលដែលសមត្ថកិច្ចនគរបាល ធ្វើការឃាត់ខ្លួន ។ ជនដៃដល់នឹងត្រូវរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕