UNIDO និង ADB រៀបចំកិច្ចពិភាក្សា អំពីការជំរុញ 4IR នៅកម្ពុជា
ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៨ ធ្នូ ២០២១ បានឲ្យដឹងថា អង្គការអភិវឌ្ឍន៍ឧស្សាហកម្ម នៃអង្គការសហប្រជាជាតិ (UNIDO) និង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកម្មវិធីកិច្ចពិភាក្សាអនឡាញស្តីពីស្ថានភាពនៃបដិវត្តន៍ឧស្សាហកម្មទីបួន (4IR) នៅកម្ពុជា និងទិសដៅសម្រាប់ការផ្លាស់ប្តូររបស់ប្រទេសដើម្បីសម្រេចបានគំរូឧស្សាហកម្មថ្មីនេះត្រឹមឆ្នាំ ២០៣០ ។
អ្នកចូលរួមប្រមាណ ៤00 នាក់មកពីស្ថាប័នរដ្ឋ ទីភ្នាក់ងារអភិវឌ្ឍន៍ ផ្នែកស្រាវជ្រាវនិងអប់រំ វិស័យឯកជន ដែលពាក់ព័ន្ធ ក៏ដូចជាផ្នែកប្រព័ន្ធផ្សព្វផ្សាយ បានចូលរួមសិក្ខាសាលា 4IR នៅកម្ពុជា នាថ្ងៃទី៧-៨ ធ្នូ នេះ។
នាយកស្តីទីប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី លោក Anthony Gill បានមានប្រសាសន៍ថា “គំរូបដិវត្តន៍ឧស្សាហកម្មទី ៤ អាចបង្កើនប្រាក់ចំណេញអាជីវកម្ម ធ្វើឱ្យកាន់តែប្រសើរនូវសមាហរណកម្មកម្លាំងពលកម្មក្នុងផលិតកម្ម និង ជំរុញនិរន្តរភាពបរិស្ថានកាន់តែល្អ តាមរយៈការដាក់បញ្ចូលទំនិញថ្មីដែលមានគុណភាពកាន់តែល្អទៅក្នុងទីផ្សារ និង ការបង្កើនប្រសិទ្ធភាពផលិតកម្ម តាមរយៈឌីជីថលនីយកម្ម និងអន្តរបណ្តាញនៃដំណើរការផលិតកម្ម។”
ការរាតត្បាតនៃជំងឺកូវីដ១៩ បានជំរុញឱ្យប្រទេសកម្ពុជា បង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីត្រៀមលក្ខណៈផ្នែកឌីជីថល និងភាពធន់នឹងវិបត្តិនាពេលអនាគតរបស់ប្រទេសព្រមទាំងផ្តល់ឱកាស ដល់ប្រជាពលរដ្ឋ និងសហគមន៍ ដើម្បីទាញយកអត្ថប្រយោជន៍ពីឌីជីថលនីយកម្ម។ ដើម្បីសម្រួលដល់បញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ គោលនយោបាយជាតិ ស្តីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ ២០២០-២០៣០ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង ផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា២០៣០។
តាមរយ:ក្របខ័ណ្ឌការងារនៃកម្មវិធីភាពជាដៃគូប្រចាំប្រទេសកម្ពុជារបស់ UNIDO (https://www.unido.org/programme-country-partnership/cambodia) ដែលជាកម្មវិធីភាពជាដៃគូរពហុភាគីក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលមានគោលដៅសំរេចការអភិវឌ្ឈប្រកបដោយចីរភាពនិងបរិយាប័ន្ន UNIDO នឹងបន្តការគាំទ្រកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីសំរេចបានការស្តារឡើងវិញផ្នែកសង្គមនិងសេដ្ឋកិច្ចនិងការគៀងគរដៃគូនិងធនធានសម្រាប់គោលដៅអភិវឌ្ឈជាតិដោយរាប់បញ្ចូលការអនុវត្តបចេ្ចកវិទ្យានៃឧស្សាហកម្មទី៤។
លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិនៅកម្ពជា មានប្រសាសន៍ថា “ការរាតត្បាតនៃជំងឺកូវីដ១៩បានផ្តល់ឱកាសសម្រាប់ការផ្លាស់ប្តូរផ្នែកឌីជីថល។ តើយើងត្រូវធ្វើបែបណាខ្លះដើម្បីឲ្យប្រាកដថាដំណើរផ្លាស់ប្តូរបច្ចេកវិទ្យាបែបនេះ ត្រូវបាន ធ្វើឡើង ដោយ ប្រកាន់ភ្ជាប់ គោលការណ៍ មិនទុកនរណាម្នាក់ចោល? ចម្លើយសម្រាប់សំនួរនេះ គឺវាអាស្រ័យលើ លទ្ធភាពនៃការធ្វើការរួមគ្នារបស់យើងទាំងអស់គ្នាគ្រប់វិស័យនិងតួអង្គដែលពាក់ព័ន្ធ។ប្រព័ន្ធ អង្គការសហប្រជាជាតិត្រៀមលក្ខណៈរួចជាស្រេចដើម្បីគំាទ្ររាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការ
ផ្លាស់ប្តូរនេះ។”
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានមានប្រសាសន៍ថា ”បទពិសោធន៏រយ:ពេលពីរឆ្នាំជាមួយនិងជំងឺកូវីដ១៩បានបង្ហាញយើងឲ្យឃើញពីតួនាទីសំខាន់របស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យានិង នវានុវត្តន៍ ក្នុងការកាត់បន្ថយគ្រោះមហន្តរាយសកល និង រួមចំណែកបង្កើតយុទ្ធសាស្ត្រស្តារឡើងវិញផ្នែកសង្គម និងសេដ្ឋកិច្ច។”
នាយកគ្រប់គ្រងរបស់ UNIDO ទទួលបន្ទុកនាយកដ្ឋានឌីជីថល បច្ចេកវិទ្យា និងកសិពាណិជ្ជកម្ម លោក Bernardo Calzadilla-Sarmiento មានប្រសាសន៍ថា“បើទោះបីជាមានការខិតខំប្រឹងប្រែងពីដៃគូ ពាក់ព័ន្ធនានាយ៉ាងណាក្តី វិសមភាពបានបែងចែករវាងប្រទេសរីកចម្រើននិងក្រីក្រ តាមរយៈអក្ខរកម្ម បច្ចេកវិទ្យានិងចំនេះដឹងមានកម្រិតទាបផ្នែកឌីជីថល ការមិនអាចទទួលបានបច្ចេកវិទ្យាសំខាន់ៗ ការខ្ចះ ខាតគោលនយោបាយ និងវិធាននានា ដើម្បីអភិវឌ្ឈបរិយាកាសមួយ ដែលមានលក្ខណៈអំណោយផលសម្រាប់ឧស្សាហកម្ម៤.០។ការណ៍នេះនៅតែជាឧបសគ្គប្រឈមដ៏ចំបងក្នុងការធ្វើសមាហរណកម្មការអនុវត្តឧស្សាហកម្ម៤.០ចូលទៅក្នុងវិស័យនានាផ្នែកសង្គមនិងសេដ្ឋកិច្ច។
UNIDO បានកត់សំគាល់យ៉ាងយកចិត្តទុកដាក់ចំពោះ ផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលបានត្រូវបានអនុម័តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ UNIDO ដោយសហការជាមួយដៃគូពាក់ព័ន្ធប្តេជ្ញាគាំទ្រកម្ពុជាដើម្បីឲ្យទទួលបានផលប្រយោជន៍ពីឧស្សាហកម្មទី៤ តាមរយ:កម្មវិធីនានាដែលយើងកំពុងតែអនុវត្តស្ថិតនៅក្នុងក្របខ័ណ្ឌការងារនៃកម្មវិធីភាពជាដៃគូប្រចាំប្រទេសកម្ពុជា។”
សិក្ខាសាលាអនឡាញនេះមានគោលបំណងចែករំលែកគំហើញពី (១) ការសិក្សាវិនិច្ឆ័យ និងការវិភាគគោល នយោបាយ (២) វឌ្ឍនភាពនិងបញ្ហាប្រឈមក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល (៣) បទពិសោធន៍របស់ក្រុមហ៊ុន និងសហគ្រិនជាតិ និងអន្តរជាតិក្នុងការទទួលយកបច្ចេក វិទ្យាថ្មី និង (៤) តួនាទី នៃស្ថាប័នអប់រំ និងបណ្តុះបណ្តាល ក្នុងការរៀបចំ និង ពង្រឹងសមត្ថភាពប្រកួត ប្រជែងរបស់ប្រទេស ក្រោមគំរូឧស្សាហកម្មថ្មី។
លោក Anthony Gill បានបន្ថែមថា “ADB គឺជាដៃគូយូរអង្វែងរបស់កម្ពុជាក្នុងការជួយបង្កើតកម្លាំងការងារដែលមានការអប់រំ ជំនាញ និងភាពធន់ជាងមុន ដើម្បីបំពេញតម្រូវការជំនាញបច្ចុប្បន្ន និងអនាគតនៃឧស្សាហកម្ម ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ សម្រាប់ពេលថ្មីៗនេះ ADB សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា កំពុងបញ្ចប់ការសិក្សាលើ ផែនទីផ្លាស់ប្តូរឧស្សាហកម្មសម្រាប់ផ្នែកវាយនភណ្ឌ និង កាត់ដេរ ដែលបង្ហាញពីឱកាស និងហានិភ័យសម្រាប់ការប្រកួតប្រជែងក្នុងឧស្សាហកម្មនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបន្ថែមដែរថា“ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត តម្រូវឱ្យ មានការវិនិយោគបន្ថែមទៀតក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ការអភិវឌ្ឍធនធានមនុស្សត្រឹមត្រូវ និងប្រព័ន្ធអេកូឡូស៊ី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាតិរឹងមាំ។ កិច្ចសហការជាយុទ្ធសាស្ត្ររបស់អ្នកពាក់ព័ន្ធទាំងអស់ គឺមិនអាចខ្វះបាន។”
សម្រាប់ទស្សន:វិស័យអនាគត UNIDO និង ADB នឹងពិនិត្យវាយតម្លៃរាល់អនុសាសន៏និងព័ត៌មាននានាដែលបានចែករំលែកនៅក្នុងសិក្ខាសាលានេះដើម្បីអភិវឌ្ឈការអនុវត្តគម្រោងនិងសកម្មភាពនានារបស់យើងក្នុងការសម្របសម្រួលការអនុវត្តសកម្មភាពជាក់ស្តែងដែលនឹងជួយជំរុញការផ្លាស់ផ្តូរទៅកាន់ឧស្សាហកម្មទី៤របស់កម្ពុជា៕