បទល្មើសព្រហ្មទណ្ឌ ក្នុងខែសីហាឆ្នាំនេះកើតមានឡើង៩៣លើក ថយចុះ១លើក បើធៀបទៅនឹងខែមុន
ភ្នំពេញ៖ បទល្មើសព្រហ្មទណ្ឌ ក្នុងរាជធានីភ្នំពេញ បានកើតមានចំនួន៩៣លើក គឺបានថយចុះ១លើក បើធៀបទៅនឹងខែមុន កើតមាន ៩៤លើក បង្ករអោយមានអ្នកស្លាប់ចំនួន៣នាក់ របួស២០ ក្នុងនោះបទល្មើសឧក្រិដ្ឋ កើតមាន៨លើក មានការថយ៧លើក តែបទល្មើស មជ្ឈិម ៨៥លើក គឺមានការកើនឡើង៦លើក។
នេះបើយោងតាមរបាយការណ៍ប្រចាំ ខែ សីហា របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានបង្ហាញ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ កាលពីថ្ងៃទី៦ ខែកញ្ញានេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
លោក ម៉ប់ សារិន បានថ្លែងថា ការដែលថយចុះ នៃបទល្មើសព្រហ្មទណ្ឌនេះ បង្ហាញអោយឃើញថា សមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំ បានយកចិត្តទុកដាក់ ក្នុងការចុះបង្ក្រាបបទល្មើសនានា។
លោក បញ្ជាក់ថា សមត្ថកិច្ចបានធ្វើការបង្ក្រាប ទៅលើបទល្មើសព្រហ្មទណ្ឌ បាន៨៨ករណី ឃាត់ខ្លួនបាន១៣៣នាក់ ក្នុងបទល្មើសឧក្រិដ្ឋ បង្ក្រាបបាន៦ករណី និងឃាត់ខ្លួនជនសង្ស័យបាន១៦នាក់ ចំពោះបទល្មើសមជ្ឈិមបង្ក្រាបបាន៨២ករណី ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន១១៧នាក់។
ចំពោះបទល្មើស កើតមានឡើងខាងលើនេះ តាមរបាយការណ៍របស់រដ្ឋាបាលរាជធានីភ្នំពេញបានបង្ហាញថា មានករណីបទល្មើសគ្រឿងញៀន១៦២ករណី ឃាត់ខ្លួនជនសង្ស័យ បាន២៦៤នាក់ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះករណីជួញដូរគ្រឿងញៀន ៨៣ករណី ឃាត់ខ្លួន១២២នាក់ ករណីប្រើប្រាស់គ្រឿងញៀន ៧៩ករណី ឃាត់ខ្លួនបាន១២នាក់។ បង្រ្កាបក្មេងទំនើងបាន២៩ករណី ឃាត់ខ្លួនបាន៤៣នាក់ ក្នុងនោះពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ មាន២៩នាក់ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការាជធានីភ្នំពេញ។
ជាមួយគ្នានោះ លោក ម៉ប់ សារិន បានស្នើឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ ពិនិត្យ និងពិភាក្សាគ្នាលើរបៀបវារៈ នៃកិច្ចប្រជុំថ្ងៃនេះ ឱ្យបានផុលផុស ដើម្បីធ្វើជាផែនការដឹកនាំ និងអភិវឌ្ឍន៍រាជធានីភ្នំពេញ ជាពិសេស ការធ្វើអភិបាលកិច្ច បំរើផលប្រយោជន៍ប្រជាជន និងសង្គមជាតិ។
លោក ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នើឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ បង្កើនសមត្ថភាព តាមរយៈទទួលការបណ្តុះបណ្តាលលើគ្រប់វិស័យ ដើម្បីធានាបានថា ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំការងារ ក្នុងមូលដ្ឋានគ្រប់គ្រងឱ្យប្រសើរឡើង ហើយត្រូវដាក់ចេញនូវផែនការ យុទ្ធសាស្រ្តនានា សម្រាប់អនុវត្ត បន្តក្នុងការស្តារ និងអភិវឌ្ឍន៍ ក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរថែមទៀត៕