អតីតប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យុងបាក់ ប្រឈមមុខជាប់ពន្ធនាគារ២០ឆ្នាំ
(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង បានធ្វើការទាមទារឲ្យមានការដាក់ពន្ធនាគាររយៈពេល ២០ឆ្នាំ ទៅលើអតីតប្រធានាធិបតីលោក លី ម្យុងបាក់ (Lee Myung-bak) ជុំវិញបទចោទប្រកាន់អំពើពុករលួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងក្នុងសវនាការលើកចុងក្រោយ នៃសំណុំរឿងរបស់លោក Lee ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងបាននិយាយថា តុលាការទីក្រុងសេអ៊ូលគួរតែសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារលោក Lee Myung-bak រយៈពេល២០ឆ្នាំ រួមជាមួយការពិន័យជាសាច់ប្រាក់១៣.៣លានដុល្លារ និងការរឹបអូសទ្រព្យសម្បត្តិគិតជាតម្លៃ៩.៩លានដុល្លារ។
គួរជម្រាបថា លោក Lee Myung-bak ដែលធ្លាប់កាន់តំណែងរយៈពេល ០៥ឆ្នាំ ជាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីដើមឆ្នាំ២០០៨ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីខែមីនាកន្លងទៅ ហើយមួយខែក្រោយមក ក៏បានរងការប្រកាន់ពីបទពុករលួយចំនួន ១៦ ក្នុងនោះរួមមានការស៊ីសំណូក ការកេងបន្លំ និងការរំលោភអំណាចជាដើម។
ដោយឡែកតុលាការប្រទេសកូរ៉េខាងត្បូង ក៏បានកាត់ទោសលោកស្រី ប៉ាក់ ហ្គុនហេ អតីតនាយករដ្ឋមន្រ្តី ឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ ពីបទពុករលួយ៕